(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido នៅថ្ងៃអាទិត្យនេះបានអំពាវនាវជាផ្លូវការឱ្យអន្តរជាតិ ពិចារណាលើជម្រើសទាំងអស់ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធា ដើម្បីបណ្ដេញប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូពីអំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter មុនចេញដំណើរទៅជួបអនុប្រធានាធិបតីអាមេរិក លោក Mike Pence ក្នុងកិច្ចប្រជុំនៃបណ្ដាប្រទេស Lima Group នៅប្រទេសកូឡុំប៊ី លោក Guaido បានគូសបញ្ជាក់ដូច្នេះថា៖«ព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃនេះ បានបង្ខំ ឱ្យអំពាវនាវជាផ្លូវការដល់សហគមន៍អន្តរជាតិពិចារណាលើជម្រើសទាំងអស់ ដើម្បីរំដោះប្រទេសរបស់យើង និងតស៊ូប្រយុទ្ធជានិច្ច»។
គួរជម្រាបថា ការអំពាវនាវឱ្យមានអន្តរាគមន៍ពីបរទេស កើតមានឡើងបន្ទាប់ពីកងទ័ពស្មោះស័្មគ្រនឹងលោក ម៉ាឌូរ៉ូ ត្រូវបានគេ រាយការណ៍ថាបានបាញ់សម្លាប់បាតុករ២នាក់ និងរាប់រយនាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាដោយហិង្សានៅឯតំបន់ព្រំដែនជាប់ ជាមួយប្រទេសប្រេស៊ីល និងកូឡុំប៊ី កាលពីថ្ងៃសៅរ៍ ខណៈកំពុងព្យាយាមបើកផ្លូវឱ្យក្បួនរថយន្ដដឹកជំនួយមនុស្សធម៌អាមេរិកចូល ក្នុងប្រទេស៕