(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតបានប្រកាសតែងតាំងព្រះនាងម្ចាស់ Rima bint Bandar al-Saud ជាអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក ហើយនេះគឺជាលើកដំបូងបំផុតដែលស្ត្រីអារ៉ាប៊ីសាអូឌីតកាន់តំណែងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ការតែងតាំងព្រះនាងម្ចាស់ Rima ជាអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក ត្រូវបានប្រកាសជាសាធារណៈនៅក្នុងព្រះរាជក្រឹត្យមួយ ចេញផ្សាយកាលពីថ្ងៃសៅរ៍។ ក៏ប៉ុន្តែសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅចំពេលទីក្រុងរីយ៉ាដ កំពុងប្រឈមមុខនឹងបញ្ហាការទូត ជាមួយបណ្ដាប្រទេសលោកខាងលិច ជុំវិញសំណុំរឿងឃាតកម្មលើអ្នកកាសែត លោក Jamal Khashoggi។
គួរបញ្ជាក់ថា ព្រះនាងម្ចាស់ Rima ធ្លាប់បានរស់នៅក្នុងទីក្រុងវ៉ាស៊ីនតោនតាំងតែកុមារភាព ហើយព្រះនាងក៏ជាបុត្រីនៃអតីត អគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំសហរដ្ឋអាមេរិក ព្រះអង្គ Bandar bin Sultan al-Saud ផងដែរ ដែលកាន់តំណែងនេះពី ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥។ ព្រះនាងនឹងត្រូវកាន់តំណែងជាអគ្គរាជទូតជំនួសព្រះរាជអនុជរបស់ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន គឺព្រះអង្គ Khalid bin Salman ដែលទើបតែត្រូវតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិ៕