(ប៉េកាំង)៖ រថភ្លើងបាញ់មិនធ្លុះរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លងកាត់ទីក្រុងព្រំដែន Dandong របស់ចិន ហើយជាមួយការរំពឹងថាលោកនឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅព្រឹកថ្ងៃអាទិត្យនេះ មុននឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
លោក គីម ជុងអ៊ុន រួមទាំងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់ បានជិះរថភ្លើងចេញពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍ ស្របពេលមានសេចក្ដីរាយការណ៍មួយចំនួនថាមេដឹកនាំទីក្រុងព្យុងយ៉ាងរូបនេះ អាចមានជម្រើស២នោះគឺជិះយន្ដហោះចាកចេញពីទីក្រុងប៉េកាំង ឬក៏ជិះរថភ្លើងឆ្ពោះទៅកាន់ទីក្រុងហាណូយដោយផ្ទាល់តែម្ដង ក្នុងចំងាយផ្លូវជាង៤,៥០០គីឡូម៉ែត្រ និងចំណាយពេលយ៉ាងហោចណាស់៦០ម៉ោងនៅឯណោះ។ ប៉ុន្តែបើតាមប្រភពជាច្រើន លោក គីម អាចនឹងធ្វើដំណើរទៅកាន់ ប្រទេសវៀតណាមដោយជិះភ្លើង ហើយត្រូវឈប់សំចតនៅឯស្ថានីយរថភ្លើងទីក្រុង Dong Dang ដែលស្ថិតនៅជាប់ព្រំដែន ជាមួយចិន រួចទើបបន្តដំណើរទៅកាន់ទីក្រុងហាណូយ។
*ការធ្វើដំណើរតាមរថភ្លើងគឺជាប្រពៃណីរបស់គ្រួសារត្រកូលគីម
ការធ្វើដំណើរតាមផ្លូវរថភ្លើងគឺជាប្រពៃណីរបស់គ្រួសារត្រកូលគីម រាប់តាំងពីជំនាន់ជីតារបស់លោក គីម ជុងអ៊ុន គឺលោក គីម អ៊ីលសុងមកម្លេះ។ ស្ថាបនិក និងជាអតីតមេដឹនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ធ្លាប់ធ្វើដំណើរតាមរថភ្លើងក្នុងដំណើរផ្លូវ ដ៏វែងអន្លាយទៅកាន់តំបន់អឺរ៉ុបខាងកើតកាលពីឆ្នាំ១៩៨៤។ ចំណែកឯ ឪពុករបស់លោកគីម គឺលោក គីម ជុងអ៊ីល ក៏ធ្លាប់ជិះ រថភ្លើងទៅកាន់ទីក្រុងម៉ូស្គូផងដែរ កាលពីឆ្នាំ២០០១។
ដោយឡែក ជុំវិញបញ្ហានេះដែរ សាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Dongguk University ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក Koh Yu-hwan បានបញ្ជាក់ថាការជិះរថភ្លើងទៅកាន់ទីក្រុងហាណូយគឺជាការរក្សាប្រពៃណីជិះរថភ្លើងរបស់គ្រួសារត្រកូលគីម។ លោក Yu-hwan បានគូសបញ្ជាក់ដូច្នេះថា៖«នេះគឺជាសារមួយយ៉ាងច្បាស់ផ្ញើជូនប្រជាជន កូរ៉េខាងជើងទាំងអស់ថាលោក គីម ជុងអ៊ុន ចង់រក្សាប្រពៃណីជិះរថភ្លើងនៃគ្រួសារត្រកូលគីម ពោលគឺធ្វើតាមជីតានិងឪពុក របស់លោក ដើម្បីបង្ហាញគ្រួសារត្រកូលគីមមានភាពរឹងមាំលើសពេលណាៗទាំងអស់ »។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ គេមិនទាន់ប្រាកដនៅឡើយថាលោក គីម ជុងអ៊ុននឹងជិះរថភ្លើង ឬក៏ យន្ដហោះទៅកាន់ទីក្រុងហាណូយ ឬក៏យ៉ាងណានោះទេ ខណៈលោកត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសវៀតណាមនៅ ថ្ងៃទី២៥ ខែកុម្ភៈ។ លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នឹងត្រូវជួបគ្នាជាលើកទី២នៅក្នុងទីក្រុងហាណូយ ប្រទេស វៀតណាមនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ បន្ទាប់ពីមេដឹកនាំទាំង២ធ្លាប់ជួបគ្នាម្ដងរួចមកហើយក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយនៅកាលណោះលោក គីម ធ្វើដំណើរទៅកាន់សិង្ហបុរីដោយជិះរថភ្លើងផ្ដល់ដោយរដ្ឋាភិបាល ទីក្រុងប៉េកាំង៕
ប្រភព៖ Reuters (ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩)