(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសការផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេស កូឡុំប៊ីហើយ ខណៈអំពើហិង្សាកំពុងផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២ ជាទីដែលក្បួនរថយន្ដដឹកជំនួយមនុស្សធម៌អាមេរិកកំពុងជាប់គាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ ប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកូឡុំប៊ី នាឱកាសចូលរួមពិធីជួបជុំជាមួយអ្នកគាំទ្ររបស់លោកក្នុងទីក្រុងការ៉ាកាស់ កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ហើយលោកក៏បានព្រមានដែរថាយោធាវេណេស៊ុយអេឡាបានត្រៀម ខ្លួនរួចជាស្រេចដើម្បីការពារប្រជាជន និងប្រទេសជាតិពីការឈ្លានពានណាមួយពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាដោយហិង្សាក៏បានផ្ទុះឡើងផងដែរនៅឯតំបន់ព្រំដែនរវាងវេណេស៊ុយអេឡា និងប្រេស៊ីល ដោយ កងទ័ពរបស់លោក ម៉ាឌូរ៉ូ ត្រូវបានគេរាយការណ៍ថាបានបាញ់សម្លាប់បាតុករ២នាក់។ ប៉ុន្តែព្រមពេលជាមួយគ្នា អាជ្ញាធរកូឡុំប៊ី អះអាងថាកងទ័ពវេណេស៊ុយអេឡា៦០នាក់ បានរត់ផ្ដាច់ខ្លួនចេញពីរបបដឹកនាំលោក ម៉ាឌូរ៉ូ៕