(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence មានគម្រោងជួបជាមួយមេដឹកនាំបក្សប្រឆាំងវេណស៊ុយអេឡា លោក Juan Guaido ក្នុងទីក្រុង Bogota ប្រទេសកូឡុំប៊ី នៅថ្ងៃចន្ទស្អែកនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមមន្ត្រីអាមរិកម្នាក់ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
មន្ត្រីរូបនេះដដែល នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា លោក Pence នឹងជួបជាមួយលោក Guaido នាឱកាសចូលរួមកិច្ចប្រជុំមួយនៃបណ្ដាប្រទេស Lima Group នៅក្នុងទីក្រុង Bogota។ ជំនួបនេះធ្វើឡើងបន្ទាប់ពីកងទ័ពវេណេស៊ុយអេឡាស្មោះស័្មគ្រនឹងលោក ម៉ាឌូរ៉ូ បាននិងកំពុងរារាំងក្បួនដឹកជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកមិនឱ្យចូលក្នុងប្រទេស ដោយចោទថាជាលេសចង់ឈ្លានពានទម្លាក់រូបលោកពីអំណាច។
គួរបញ្ជាក់ថា គម្រោងនៃជំនួបរវាងលោក Mike Pence និងលោក Juan Guaido ត្រូវបានគេមើលឃើញថាមានគោលដៅបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាមេរិកដល់មេដឹកនាំបក្សប្រឆាំងរូបនេះ ដែលទទួលបានការគំាទ្រយ៉ាងច្រើនពីបណ្ដាប្រទេសលោកខាងលិចក្នុងនាមជាប្រធានាធិបតីស្ដីទីស្របច្បាប់របស់វេណេស៊ុយអេឡា៕