(ការ៉ាកាស់)៖ បាតុករយ៉ាងហោចណាស់២នាក់ត្រូវបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយ ហិង្សានៅឯតំបន់ព្រំដែនរវាងប្រទេសវេណេស៊ុយអេឡា និងប្រេស៊ីល ខណៈគណបក្សប្រឆាំងរបស់លោក Juan Guaidó កំពុងព្យាយាមនាំជំនួយមនុស្សធម៌មកចែកជូនប្រជាជនវេណេស៊ុយអេឡា ដែលកំពុងត្រូវការជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
កងទ័ពវេណេស៊ុយអេឡាបានប្រើប្រាស់ឧស្ម័នបង្ហូរទឹក និងបាញ់ប្រហារទៅលើហ្វូងបាតុករកាលពីថ្ងៃសៅរ៍ នៅឯតំបន់ព្រំដែន ជាប់ជាមួយប្រទេសប្រេស៊ីល ស្របពេលមានសេចក្ដីរាយការណ៍ថាការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើងផងដែរនៅតំបន់ព្រំដែនរវាង វេណេស៊ុយអេឡា និងកូឡុំប៊ី។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចបិទស្ពានព្រំដែនសំខាន់ៗចំនួន០៣ ដែលតភ្ជាប់រវាងប្រទេសវេណេស៊ុយអេឡា និងកូឡុំប៊ី រួមទាំងប្រេស៊ីល ដើម្បីរារាំងការដឹកជំនួយមនុស្សធម៌ ដែលលោកម៉ាឌូរ៉ូចោទថាជាលេសចង់ឈ្លានពានផ្ដួលរំលំរបបដឹកនាំរបស់ លោកពីសំណាក់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
គួរជម្រាបថា បើតាមអាជ្ញាធកូឡុំប៊ី មនុស្ស៣០០នាក់បានរងរបួសនៅពេលព្យាយាមឆ្លងព្រំដែន រីឯអង្គការលើកលែងទោស អន្តរជាតិ (Amnesty International) បានចាត់ទុកថាការបាញ់ប្រហារលើហ្វូងបាតុករពីសំណាក់អាជ្ញាធរវេណេស៊ុយអេឡាគឺជា ទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាបទឧក្រិដ្ឋមួយនៅក្រោមច្បាប់អន្តជាតិ៕