(ញូដេលី)៖ គិតត្រឹមយប់ថ្ងៃសៅរ៍នេះ មនុស្សសរុបចំនួន១០៤នាក់បានបាត់បង់ជីវិត ដោយសារការបរិភោគគ្រឿងស្រវឹងក្លែងក្លាយខុសច្បាប់ នៅក្នុងរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រៅពីអ្នកស្លាប់មនុស្សប្រមាណជា២០០នាក់ទៀត ក៏កំពុងតែសម្រាកដើម្បីសង្រ្គោះព្យាបាលនៅតាមមន្ទីរពេទ្យនានាផងដែរ។ បើតាមការឲ្យដឹងពីអាជ្ញាធរក្នុងតំបន់កើតហេតុ ជនរងគ្រោះភាគច្រើនគឺជាពលករនៅចម្ការតែ Halmira ក្នុងស្រុក Golaghat ជាទីដែលមានមនុស្សស្លាប់ដោយសារផឹកគ្រឿងស្រវឹងខុសច្បាប់នេះ មានចំនួន៥៨នាក់ ខណៈ៤៦នាក់នាក់ទៀតនៅស្រុក Jorhat ដែលនៅជាប់គ្នា។ យោងតាមការស៊ើបអង្កេតបឋម ប៉ូលិសឥណ្ឌាបានកំណត់មូលហេតុថា គឺមកពីការបរិភោគគ្រឿងស្រវឹងក្លែងក្លាយដែលផលិតក្នុងស្រុក។
គួរជម្រាបថា នេះពុំមែនជាលើកទីមួយដែលមានករណីមនុស្សស្លាប់ដោយសារគ្រឿងស្រវឹងដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដាបែបនេះឡើយ នៅក្នុងប្រទេសឥណ្ឌា។ កន្លងទៅថ្មីៗនេះ មនុស្សប្រហែល១០០នាក់ បានស្លាប់ដោយសារគ្រឿងស្រវឹងខុសច្បាប់ទាំងនេះ នៅរដ្ឋភាគខាងជើង Uttarakhand និង Uttar Pradesh ខណៈកាលពីឆ្នាំ២០១៥ ក៏មានមនុស្សជាង១០០នាក់ស្លាប់ក្នុងករណីដូចគ្នា នៅឯតំបន់សំណង់អនាធិបតេយ្យក្នុងទីក្រុងម៉ុមបៃ ហើយនៅឆ្នាំ២០១១ មនុស្សចំនួន១៧២នាក់បានបាត់បង់ជីវិត នៅរដ្ឋ Bengal ខាងលិច។ គ្រឿងស្រវឹងក្លែងក្លាយឬខុសច្បាប់ មានការពេញនិយមខ្លាំងនៅឥណ្ឌា ព្រោះតែតម្លៃថោកនិងភាពងាយស្រួលក្នុងការស្វែងរករបស់ពួកវា ជាពិសេសជនក្រីក្រជាច្រើនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ៕