(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្តើមការធ្វើដំណើរតាមរថភ្លើងរបស់លោក ចេញពីរដ្ឋធានីព្យុងយ៉ាងហើយ ដែលនឹងកាត់តាមប្រទេសចិន ដើម្បីឆ្ពោះទៅកាន់ទីក្រុងហាណូយនៃប្រទេសវៀតណាម ជាទីដែលលោកត្រូវបើកកិច្ចប្រជុំកំពូលជាលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមប្រភពពីអ្នកការទូតកូរ៉េខាងជើងម្នាក់ ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី TASS នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ព័ត៌មាននេះបានលេចឡើងស្របពេលដែល ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាមនាថ្ងៃសៅរ៍នេះ បានចេញផ្សាយថា លោក គីម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសវៀតណាមនាពេលឆាប់ៗនេះ ក្រោមការអញ្ជើញពីលោក Nguyen Phu Trong ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្តនិងជាប្រធានាធិបតីវៀតណាម ដែលវាជាទស្សនកិច្ចដាច់ដោយឡែកផ្សេង ជាកិច្ចប្រជុំកំពូលជាមួយលោក ដូណាល់ ត្រាំ។
ប្រភពការទូតកូរ៉េខាងជើងបានបង្ហើបឲ្យដឹងថា នាវេលាម៉ោង០៥៖០០នាទីល្ងាច (ម៉ោងនៅព្យុងយ៉ាង) លោក គីម ជុងអ៊ុន បានចាកចេញពីព្យុងយ៉ាងដើម្បីឆ្ពោះទៅហាណូយ តាមរយៈរថភ្លើងបាញ់មិនធ្លុះមួយខ្សែ ហើយលោកនឹងធ្វើដំណើរក្នុងរថភ្លើងមួយខ្សែនេះដោយកាត់តាមប្រទេសចិនរហូតដល់ប្រទេសវៀតណាម។ ចម្ងាយសរុបរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងហាណូយ គឺលើសពី៤,៥០០គីឡូម៉ែត្រ ដូច្នេះការធ្វើដំណើររបស់លោក គីម ត្រូវគេរំពឹងថានឹងចំណាយពេលជាង៤៨ម៉ោង បើគ្មានការឈប់នៅចិន។
គួរជម្រាបថា ជំនួបកំពូលលើកទីពីររវាង លោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៧ដល់ទី២៨ ខែកុម្ភៈ៕