(ការ៉ាកាស់)៖ កងទ័ពវេណេស៊ុយអេឡាដែលឈរជើងនៅក្បែរព្រំប្រទល់ជាប់ប្រទេសកូឡុំប៊ី នាថ្ងៃសៅរ៍នេះ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបាញ់ទៅលើមនុស្សមួយក្រុមដែលព្យាយាម ឆ្លងចូលទៅកាន់កូឡុំប៊ីដើម្បីធ្វើការងារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចបិទស្ពានព្រំដែនសំខាន់ៗចំនួន០៣ ដែលតភ្ជាប់រវាងប្រទេសវេណេស៊ុយអេឡានិងកូឡុំប៊ី ស្របពេលក្រុមប្រឆាំងដឹកនាំដោយលោក Juan Guaido ដែលបានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី កំពុងត្រៀមរៀបចំទៅនាំយកជំនួយមនុស្សធម៌អាមេរិកពីកូឡុំប៊ីចូលមកកាន់វេណេស៊ុយអេឡា។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ម៉ាឌូរ៉ូ ក៏បានបង្គាប់ឲ្យបិទព្រំដែនភាគខាងត្បូងជាមួយប្រេស៊ីលផងដែរ ជុំវិញបញ្ហាជំនួយមនុស្សធម៌នេះ ដោយថា ពួកវាគ្រាន់តែលេចដើម្បីឲ្យបរទេសចូលអន្តរាគមន៍ក្នុងប្រទេសវេណេស៊ុយអេឡាតែប៉ុណ្ណោះ៕