(ញូដេលី)៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌា បានធ្វើការឆ្លើយតបទៅកាន់ប៉ាគីស្ថានវិញថា ឥណ្ឌាបានសម្រេចចិត្តធ្វើទំនប់ខ្ទប់ទឹកទន្លេ រ៉ាវី (Ravi) មិនឲ្យហូរទៅកាន់ប្រទេសប៉ាគីស្ថាននោះហើយ ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហារដោយក្រុមភេរវករមានមូលដ្ឋាននៅប៉ាគីស្ថាន ទៅលើកងកម្លាំងយោធាឥណ្ឌានៅក្នុងតំបន់កាស្មៀដ៏ចម្រូងចម្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីខាងលើបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក ណារិនដ្រា ម៉ូឌី រដ្ឋាភិបាលរបស់យើងបានសម្រេចចិត្ត បញ្ឈប់ការចែករំលែកទឹកទន្លេជាមួយប៉ាគីស្ថានទៀតហើយ...។ ក្រោយការធ្វើទំនប់ខ្ទប់ទឹកទន្លេហើយ យើងនឹងយកទឹកទាំងនោះទៅផ្គត់ផ្គង់ដល់ប្រជាជនរបស់យើងនៅក្នុងតំបន់ Jammu, Kashmir និង Punjab វិញ...»។ នេះជាផែនការដែលរដ្ឋាភិបាលឥណ្ឌាបានប្រកាស និងជាផែនការអភិវឌ្ឍប្រព័ន្ធធារ៉ាសាស្ត្រជាតិផងដែរ។
គួរបញ្ជាក់ថា ការប្រកាសធ្វើទំនប់បិទទឹកទន្លេដែលហូរពីឥណ្ឌា ទៅប៉ាគីស្ថានខាងលើនេះ គឺបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារលើកងកម្លាំងឥណ្ឌា បណ្តាលឲ្យស្លាប់ ៤៦នាក់នៅតំបន់កាស្មៀ និងបន្ទាប់ពីអគ្គមេបញ្ជាការយោធាប៉ាគីស្ថានបានព្រមានឥណ្ឌា មិនឲ្យធ្វើការចោទប្រកាន់មកលើខ្លួនដដែលជាដដែលថា ជាអ្នកស្ថិតនៅពីក្រោយអំពើភេរវកម្មនេះ ព្រមទាំងសកម្មភាពធ្វើបាតុកម្មគប់ដុំថ្ម និងដុតទង់ជាតិប៉ាគីស្ថាន ពីសំណាក់ប្រជាជនឥណ្ឌាតាមព្រំដែនជាដើម៕