(រីយ៉ូ)៖ ឆ្លើយតបទៅនឹងការប្រកាសមិនព្រមទទួលជំនួយ និងការចោទថាជាជំនួយនេះមានចេតនាឈានទៅរកការធ្វើអន្តរគមន៍នោះ ប្រទេសប្រេស៊ីលបានតបទៅកាន់វេណេស៊ុយអេឡាវិញថា ជំនួយទាំង ២០០តោន ដែលបានដឹកទៅកាន់រដ្ឋជាប់ព្រំដែនវេណេស៊ុយអេឡារួចជាស្រេចនោះ គឺស្ថិតនៅក្នុងគោលដៅមនុស្សធម៌សុទ្ធសាធ និងគ្មានការបម្រើផលប្រយោជន៍ឲ្យប្រទេសប្រេស៊ីល ឬក្រុមបក្សណាមួយនោះឡើយ។ នេះបើតាមសារព័ត៌មាន ស៊ីនហួរ ចេញផ្សាយនារសៀលថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកនាំពាក្យប្រធានាធិបតីប្រេស៊ីលលោក អូតាវីយ៉ូ រ៉េហ្គោ (Otavio Rego) បានបញ្ជាក់ពីរដ្ឋធានីប្រេស៊ីឡាយ៉ាងដូច្នេះថា «ដំណើរការរបស់ប្រេស៊ីល គឺស្ថិតនៅក្នុងលក្ខណៈបែបមនុស្សធម៌សុទ្ធសាធ និងមិនមានដើម្បីប្រយោជន៍ប្រទេសរបស់យើង ឬក៏ក្រុមបក្សណាមួយនោះឡើយនៅក្នុងពេលនេះ...។ ជំនួយសរុប ២០០តោនមានដូចជា ផលិតផលចំណីអាហារ សណ្តែក អង្ករ ស្ករ កាហ្វេ អំបិល ម្ស៉ៅទឹកដោះគោ និងថ្នាំសង្កូវជាដើម ត្រូវបានដឹកទៅទុកនៅរដ្ឋរ៉ូរ៉ៃម៉ា (Roriama) ជាប់ព្រំដែនវេណេស៊ុយអេឡា រួចជាស្រេចទៅហើយ...»។
គួរបញ្ជាក់ថា ដោយសារតែរដ្ឋាភិបាលប្រេស៊ីល ស្ថិតនៅក្នុងចង្កោមប្រទេសគាំទ្រអាមេរិក និងបក្សប្រឆាំងវេណេស៊ុយអេឡានោះ ទើបរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលកំពុងកាន់អំណាចនៅវេណេស៊ុយអេឡា មិនព្រមទទួលយកជំនួយណាមួយរបស់ប្រទេសទាំងនេះ ឡើយ រួមទាំងប្រទេសកូឡុំប៊ី ព្រោះទីក្រុងការ៉ាកាស់ចាត់ទុកថា វាគឺជាឈ្នាន់មួយឈានទៅរកការលូកលាន់កិច្ចការផ្ទៃក្នុង និងរហូតដល់ធ្វើអន្តរាគមន៍ទម្លាក់រដ្ឋាភិបាលលោក៕