(អ៊ីស្លាម៉ាបាដ)៖ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ អគ្គមេបញ្ជាការទ័ពប៉ាគីស្ថាននាយឧត្តមសេនីយ អាស៊ីហ្វ ហ្គាហ្វ័រ (Asif Ghafoor) បានព្រមានត្រង់ៗទៅកាន់ប្រទេសឥណ្ឌាថា កុំឲ្យមានការបង្ករឿង ឬចោទប្រកាន់ណាមួយ ដែលបង្កការរំខានឥតឈប់ឈរមកលើប៉ាគីស្ថាន ជុំវិញការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីសប្តាហ៍មុននោះឲ្យសោះ ព្រោះប៉ាគីស្ថានមិនចង់ធ្វើសង្គ្រាម និងមិនអាចអត់ធ្មត់បានរហូតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ជុំវិញស្ថានការណ៍តានតឹង និងការធ្វើបាតុកម្មខ្លាំងឡើងៗដោយក្រុមជនជាតិឥណ្ឌា នៅតំបន់ព្រំដែនជាប់ប៉ាគីស្ថាននោះ លោកនាយឧត្តមសេនីយ Asif បានព្រមានទាំងកណ្តាលយប់យ៉ាងដូច្នេះថា «យើងសង្ឃឹមថា អ្នកនឹងមិនមករញ៉េរញ៉ៃជាមួយយើងនោះឡើយ...។ យើងមិនចង់ឈានទៅរកសង្គ្រាមជាមួយឥណ្ឌានោះឡើយ ប៉ុន្តែប្រសិនបើឥណ្ឌាបង្កភាពគគ្លើនកាន់តែខ្លាំងឡើងៗនោះ ពួកគេនឹងមិនអាចឲ្យយើងអត់ធ្មត់បានតទៅទៀតនោះឡើយ...»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានបានប្រែជាប្រេះស្រាំខ្លាំងឡើងវិញ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅតំបន់កាស្មៀ ដែលជាផ្នែកគ្រប់គ្រងដោយអាជ្ញាធរឥណ្ឌា ត្រូវបានធ្វើឡើងដោយក្រុមឧទ្ទាម ហ្សេសអ៊ីម៉ូហាំម៉េដ (Jaish-e-Mohammed) ដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាន បានបង្កឲ្យទាហានឥណ្ឌាសរុប ៤៦នាក់ស្លាប់។ ឥណ្ឌាបានចោទថា រដ្ឋាភិបាលប៉ាគីស្ថានជាអ្នកស្ថិតនៅពីក្រោយរឿងនេះ ខណៈប៉ាគីស្ថាននៅតែប្រកែកដដែលជាដដែលថា ខ្លួនគ្មានជាប់ពាក់ព័ន្ធអ្វីទៅនឹងក្រុមសកម្មប្រយុទ្ធខាងលើនេះឡើយ៕