(ហាណូយ)៖ ប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសវៀតណាមនាពេលឆាប់ៗនេះហើយ នៅមុនជំនួបកំពូលជាមួយលោក ដូណាល់ ត្រាំ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម ដែលសារព័ត៌មាន ស៊ីនហួរ ដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ទោះបីជាបែបនេះក្តី រដ្ឋាភិបាលវៀតណាមមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ នៃការបំពេញទស្សនកិច្ចរបស់លោក គីម និងគណប្រតិភូកូរ៉េខាងជើង ជាលើកដំបូងមកកាន់វៀតណាមនេះឡើយ។ ការមកបំពេញទស្សនកិច្ចនៃមេដឹកនាំកំពូលកូរ៉េខាងជើងនេះ គឺតបតាមការអញ្ជើញពីអគ្គលេខាធិការបក្សកុម្មុយនិស្ត និងជាប្រធានាធិបតីវៀតណាមលោក ង្វៀន ភូត្រុង (Nguyen Phu Trong) ដែលត្រូវបានបញ្ជាក់ជាផ្លូវការដោយក្រសួងការបរទេសវៀតណាមនៅថ្ងៃសៅរ៍នេះតែម្តង។
បន្ថែមពីខាងលើនេះ លោក គីម ជុងអ៊ុន ក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីពីរជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងទីក្រុងហាណូយផងដែរ ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើលោក គីម នឹងប្រើពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមផង និងជួបលោក ត្រាំ នៅពេលបន្តបន្ទាប់គ្នាដែរ ឬក៏លោកត្រូវត្រឡប់ទៅកូរ៉េខាងជើងវិញសិននោះឡើយ ខណៈពេលវេលាគឺប្រកៀកប្រកិតគ្នាជាខ្លាំង។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងគឺស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេបំផុត ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយវៀតណាមកាលពីឆ្នាំ១៩៥០ បន្ទាប់ពីប្រទេសចិន និងអតីតសហភាពសូវៀត។ កូរ៉េខាងជើងត្រូវបានចាត់ទុកជាប្រទេសកុម្មុយនិស្តជិតស្និទ្ធមួយរបស់វៀតណាម ដែលធ្លាប់បានបញ្ជូនទាហានរបស់ខ្លួនរាប់រយនាក់ មកចូលរួមប្រយុទ្ធក្នុងសង្គ្រាមវៀតណាម និងបានបង្វឹកនាយទាហានវៀតណាមជាច្រើននាក់ផងដែរ នាអំឡុងទសវត្សរ៍ ១៩៦០ និង ១៩៧០៕