(ឡាប៉ាស)៖ ប្រធានាធិបតីបូលីវី លោក អ៊ីវ៉ូ ម៉ូរ៉ាឡែស (Evo Morales) បានព្រមានធ្ងន់ៗតែម្តងនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ថាការធ្វើអន្តរាគមន៍ណាមួយទៅក្នុងវេណេស៊ុអេឡា មិនខុសអ្វីពីការនាំសង្គ្រាមទៅដល់ប្រទេសនេះឡើយ ហើយបងប្អូននៅអាមេរិកឡាទីន សូមប្រឆាំងចេតនានៃការធ្វើអន្តរាគមន៍យោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Morales បានសរសេរបង្ហោះនៅក្នុងគណនី Twitter របស់លោកយ៉ាងដូច្នេះថា «យើងសូមបញ្ជាក់ច្បាស់ៗអំពីជីវិត និងមនុស្សធម៌ ហើយការធ្វើអន្តរាគមន៍បែបណាក៏ដោយ នឹងមានតែនាំទៅរកការផ្ទុះសង្គ្រាមប៉ុណ្ណោះ...។ វានឹងគ្មានសន្តិភាពនោះឡើយ បើសិនជាគ្មានយុត្តិធម៌សង្គម និងការគោរពចំពោះអធិបតេយ្យភាពនៃប្រជាជនទេនោះ...។ ប្រទេសនានានៅតំបន់អាមេរិកឡាទីន មិនគាំទ្រការធ្វើអន្តរាគមន៍យោធានោះឡើយ»។
គួរបញ្ជាក់ថា បូលីវីគឺជាប្រទេសមួយនៅអាមេរិកឡាទីន ដែលបានបង្ហាញការគាំទ្រជានិច្ចចំពោះរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលបានជាប់ឆ្នោត និងស្បថឡើងកាន់តំណែងដោយស្របច្បាប់បន្ទាប់ពីប្រទេសគុយបាយ ខណៈប្រទេសក្នុងតំបន់ផ្សេងៗទៀត បានបង្ហាញជំហរគាំទ្រមេបក្សប្រឆាំងដូចជា កូឡុំប៊ី និងប្រេស៊ីល ជាដើម តបទៅតាមការអំពាវនាវរបស់សហរដ្ឋអាមេរិក។ បច្ចុប្បន្នបញ្ហាធំមួយដែលវេណេស៊ុយអេឡាកំពុងប្រឈមមុខ នោះគឺការបង្ខំដឹកជំនួយអាមេរិកចូលក្នុងប្រទេស ដែលនាំឲ្យរដ្ឋាភិបាលវេណេសុយអេឡា និងបក្សប្រឆាំងប្រជែងឥទ្ធិពលគ្នារឹតតែខ្លាំង៕