(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅចំពោះមុខអ្នកសារព័ត៌មាននានានៅក្នុងសេតវិមានថា លោកនឹងអាចជួបប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅកំឡុងចុងខែមីនាខាងមុខនេះ នៅក្នុងរម្មណីយដ្ឋាន ម៉ាអេឡាហ្គោ (Mar-a-Lago) ស្ថិតនៅក្នុងរដ្ឋផ្លូរីដា ដែលនឹងមានរឿងច្រើនណាស់ត្រូវពិភាក្សាគ្នា។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅពេលត្រូវបានសួរថា តើលោក ត្រាំ នឹងជួបលោក ស៊ី ជិនពីង នៅពេលណានោះ? មេដឹកនាំអាមេរិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រហែលជា... នៅ Mar-a-Lago... ប្រហែលហើយ! គឺនៅក្នុងពេលឆាប់ខាងមុខនេះ ដែលអាចនៅចុងខែមីនា...»។ សារព័ត៌មានមួយចំនួនកន្លងមកក៏ធ្លាប់បានចុះផ្សាយផងដែរថា ក្រុមមន្ត្រីតំណាងអាមេរិក និងចិនកំពុងតែរៀបចំពិភាក្សាគ្នាអំពីជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅក្នុងទឹកដីអាមេរិកម្តងទៀត ដែលសល់ពេលប្រហែលមួយខែទៀតប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសចិនកន្លងមកនេះ ក៏បានប្តេជ្ញាទិញទំនិញពីសហរដ្ឋអាមេរិកឲ្យដល់ទំហំទឹកប្រាក់ ១.២ទ្រីលានតោន (ពាន់ពាន់លានតោន) ផងដែរ ដើម្បីបន្ធូរបន្ថយគម្លាតពាណិជ្ជកម្មរវាងគ្នា ដូចដែលសហរដ្ឋអាមេរិកបានចោទប្រកាន់កន្លងមក។ កិច្ចពិភាក្សាជាបន្តបន្ទាប់នេះ បានកើតមានឡើងបន្ទាប់ពីលោក ស៊ី និងលោក ត្រាំ បានជួបពិភាក្សានៅទីក្រុងប៊ុយណូអ៊ែរែស ប្រទេសអាហ្សង់ទីន ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូល G-20 ដោយក្នុងនោះថ្នាក់ដឹកនាំមហាយក្សសេដ្ឋកិច្ចលើលោកទាំងពីរ បានព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មរហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងបើកឱកាសចរចាគ្នាឡើងវិញ៕