(យូអិន)៖ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បាននិយាយថា រដ្ឋាភិបាលរបស់លោកចង់បានតែសុខ សន្តិភាពជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយក៏សង្ឃឹមដែរថា នឹងមានឱកាសចូលអង្គុយតុចរចាដោយសន្តិវិធីជាមួយក្រុមប្រឆាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការនៃអង្គការសហប្រជាជាតិ លោក Arreaza បានលើកឡើងយ៉ាងដូច្នេះថា «យើងចង់បានសន្តិភាពជាមួយអាមេរិក... យើងចង់បានការគោរពទៅវិញទៅមករវាងប្រទេសទាំងពីរ»។ លោក Arreaza បានបន្តថា លោកនឹងពិតជារីករាយខ្លាំងណាស់ បើអាចជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅក្រុងវ៉ាស៊ីនតោន ឬក៏នៅញូយ៉ក។
ថ្លែងពាក់ព័ន្ធក្រុមបក្សប្រឆាំងនៅវេណេស៊ុយអេឡាវិញ លោក Arreaza បានបញ្ជាក់ថា «ពួកយើងសង្ឃឹមថា ក្រុមប្រឆាំងនឹងព្រមអង្គុយចុះដើម្បីចរចាជាមួយយើង ព្រោះថាយើងទាំងអស់គ្នាសុទ្ធតែជាជនជាតិវេណេស៊ុយអេឡា និងជាបងប្អូននឹងគ្នា។ ដូច្នេះហើយ ចូរអង្គុយចុះហើយជជែកស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់អ្វីគ្រប់យ៉ាងដែលកំពុងកើតឡើង នៅក្នុងប្រទេសវេណេស៊ុយអេឡា»៕