(ហ្សឺណែវ)៖ ទីភ្នាក់ងារជនភៀសខ្លួន UNHCR និងអង្គការអន្តោប្រវេសន៍អន្តរជាតិ IOM របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនជនភៀសខ្លួននិងជនអន្តោប្រវេសន៍មកពីប្រទេសវេណេស៊ុយអេឡានៅជុំវិញពិភពលោក នាពេលនេះបានកើនដល់៣.៤លាននាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រសប្តាហ៍នេះរបស់ទីភ្នាក់ងារ UN ទាំងពីរ បណ្តាប្រទេសនៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការីបៀន កំពុងទទួលជនភៀសខ្លួនវេណេស៊ុយអេឡាឲ្យជ្រកកោនប្រហែល២.៧លាននាក់ ខណៈ៧សែននាក់ទៀតស្ថិតនៅតំបន់ផ្សេងៗជុំវិញពិភពលោក។
គួរជម្រាបថា ក្នុងអំឡុងឆ្នាំ២០១៨ ជាមធ្យមមនុស្សប្រមាណ៥,០០០នាក់ បានចាកចេញពីវេណេស៊ុយអេឡាជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកការការពារឬក៏ជីវិតរស់នៅប្រសើរជាងមុន។ រីឯប្រទេសដែលទទួលជនភៀសខ្លួននិងជនអន្តោប្រវេសន៍ច្រើនជាងគេ (ជាង១.១លាននាក់) ដែលមកពីវេណេស៊ុយអេឡា គឺកូឡុំប៊ី ខណៈម៉ិចស៊ីកូនិងប្រទេសនៅតំបន់អាមេរិកកណ្តាលក៏ដូចជាតំបន់ការីបៀន កំពុងមានវត្តមានជនភៀសខ្លួននិងជនអន្តោប្រវេសន៍វេណេស៊ុយអេឡាច្រើនគួរសមដូចគ្នាផងដែរ៕