(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមការបើកសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំនៅលើផ្ទៃទឹកទំហំប្រមាណ០២លានគីឡូម៉ែត្រក្រលារវាងឈូងសមុទ្រពែកនិងមហាសមុទ្រឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
យោធាជើងទឹកអ៊ីរ៉ង់បានលើកឡើងថា សមយុទ្ធយោធាទ្រង់ទ្រាយធំនេះ គឺជាការបង្ហាញឲ្យពិភពលោកបានឃើញពីអំណាចទ័ពជើងទឹករបស់អ៊ីរ៉ង់ ក៏ដូចជាសមត្ថភាពនៃសព្វាវុធនិងបរិក្ខាយោធាផ្សេងៗ ក្នុងការប្រឈមមុខជាមួយការគំរាមកំហែងនានានៅក្នុងតំបន់។ នាវាមុជទឹក Fateh និងនាវាពិឃាត Sahand ដែលថ្មីបំផុតរបស់អ៊ីរ៉ង់ ក៏បានចូលរួមក្នុងសមយុទ្ធរយៈពេល០៣ថ្ងៃនេះដែរ។ ក្រៅពីនេះ នឹងមានការបាញ់មីស៊ីលព្រមទាំងការហោះហើរនូវក្រុមយន្តហោះដ្រូនស៊ើបការណ៍ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងថែមទៀតផង។
គួរជម្រាបថា ការបង្ហាញសាច់ដុំយោធាតាមរយៈសមយុទ្ធដែលមានឈ្មោះថា Velayat 97 នេះ កើតមាន នៅចំពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់និងទីក្រុងវ៉ាស៊ីនតោនបានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កាលពីឆ្នាំមុន ហើយទម្លាក់កញ្ចប់ទណ្ឌកម្មមកលើទីក្រុងតេហេរ៉ង់សាជាថ្មីឡើងវិញ៕