(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំងលោកស្រី Kelly Knight Craft ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកាណាដា ធ្វើជាបេក្ខភាពសម្រាប់តំណែងជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ (UN)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានសម្រេចដកខ្លួនកាលពីសប្តាហ៍មុន ចេញពីបេក្ខភាពជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំ UN ខណៈលោកស្រីផ្ទាល់ក៏ត្រូវបានលោក ត្រាំ ជាអ្នកជ្រើសរើសផងដែរ។ ជំហានបន្ទាប់ទៀត គឺលោកស្រី Craft ត្រូវរង់ចាំការអនុម័តពីព្រឹទ្ធសភា ដើម្បីអាចឡើងកាន់តំណែងបន្តពីលោកស្រី Nikki Haley បាន។
គួរជម្រាបថា លោកស្រី Nikki Haley បានប្រកាសលាលែងពីតំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិកាលពីចុងឆ្នាំមុន ហើយពេលនោះ លោក ត្រាំ បានជ្រើសតាំងលោកស្រី Nauert ដើម្បីជំនួសលោកស្រី ក៏ប៉ុន្តែនៅថ្ងៃទី១៦ ខែកុម្ភៈ លោកស្រី Nauert បានប្រកាសដកខ្លួនចេញ ដោយនិយាយថា ប៉ុន្មានខែចុងក្រោយនេះ គ្រួសារលោកស្រីស្ថិតក្រោមសម្ពាធខ្លាំងពេក ដូច្នេះហើយដើម្បីពួកគេ លោកស្រីបានសម្រេចចិត្តសុំដកឈ្មោះចេញតែម្តង៕