(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា លោកនឹងទាត់ចោលសេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្រ្ត ដែលមានគោលដៅរារាំងការប្រកាសអាសន្នថ្នាក់ជាតិ នៅព្រំដែនភាគខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅពេលត្រូវបានចោទសួរថា តើលោកនឹងប្រើសិទ្ធិវេត៉ូ (ជំទាស់) លើសេចក្តីព្រាងច្បាប់របស់បក្សប្រជាធិបតេយ្យ ដែលមានគោលដៅបំផ្លាញការប្រកាសភាពអាសន្នថ្នាក់ ដែលលោកបានដាក់ចេញ ដើម្បីកសាងជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូដែរឬយ៉ាងណានោះ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបដូច្នេះថា «តើខ្ញុំនឹងវ៉េតូវាឬទេ? គឺ១០០ភាគរយខ្ញុំនឹងធ្វើយ៉ាងដូច្នោះ»។
ការបញ្ជាក់ច្បាស់បែបនេះរបស់លោក ត្រាំ ធ្វើឡើង ស្របពេលដែលសភាតំណាងរាស្រ្តអាមេរិក នឹងធ្វើការបោះឆ្នោតសម្រេចនាថ្ងៃអង្គារសប្តាហ៍ក្រោយ លើសេចក្តីព្រាងច្បាប់មួយដែលនឹងរារាំងការប្រកាសភាពអាសន្ន ដែលលោក ត្រាំ បានដាក់ចេញកាលពីថ្ងៃទី១៥ ខែកុម្ភៈ សម្រាប់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ បន្ទាប់ពីសភាជាតិអាមេរិក នៅតែមិនព្រមប្រគល់លុយខ្ទង់៥.៧ពាន់លានដុល្លារ ដែលលោកបានទាមទារជាដដែលៗ សម្រាប់ការសាងសង់ជញ្ជាំងនៅទីនោះ។
គួរជម្រាបថា តាមរយៈការប្រកាសភាពអាសន្នថ្នាក់ជាតិលោក ត្រាំ នឹងអាចប្រមូលលុយបានសរុបរហូតដល់០៨ពាន់លានដុល្លារ ពីគម្រោងមូលនិធិសហព័ន្ធផ្សេងៗ ជាពិសេសពីក្នុងគម្រោងរបស់យោធា ដើម្បីយកទៅកសាងជញ្ជាំងព្រំដែនតាមការចង់បានរបស់លោក៕