(អឺរ៉ុប)៖ សហភាពអឺរ៉ុប (EU) នឹងបញ្ចប់កិច្ចប្រឹងប្រែងចរចាផ្នែកពាណិជ្ជកម្មជាសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅទីបំផុតសម្រេចអនុវត្តន៍ការយកពន្ធកម្រិតខ្ពស់លើរថយន្តដែលនាំចូលទៅពីអឺរ៉ុប។ នេះបើតាមឧត្តមស្នងការពាណិជ្ជកម្មអឺរ៉ុប លោកស្រី Cecilia Malmstrom ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកស្រី Malmstrom បានធ្វើការគូសបញ្ជាក់បែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំមិនផ្លូវការមួយនាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) រវាងរដ្ឋមន្រ្តីពាណិជ្ជកម្មនៃបណ្តារដ្ឋជាសមាជិករបស់ EU ដែលនឹងត្រូវជជែកគ្នាទាក់ទិននឹងកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ លោកស្រី Malmstrom បាននិយាយដូច្នេះថា «កិច្ចចរចានឹងត្រូវបញ្ចប់ភ្លាមៗ បើអាមេរិកសម្រេចយកពន្ធកម្រិតខ្ពស់លើរថយន្តរបស់អឺរ៉ុប»។
គួរជម្រាបថា កាលពីឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹងអនុវត្តន៍ចំណាត់ការទារពន្ធក្នុងអត្រាខ្ពស់គឺ២៥ភាគរយទៅលើរថយន្តនាំចូលពីអឺរ៉ុប ដើម្បីស្តាតុល្យភាពពាណិជ្ជកម្មឡើងវិញ ហើយលោកបានបញ្ជាក់ធ្ងន់ៗថា បើដល់ថ្ងៃផុតកំណត់ គឺថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ សហភាពអឺរ៉ុបនៅតែមិនអាចសម្រេចកិច្ចព្រមព្រៀងសមរម្យមួយជាមួយអាមេរិកទេនោះ ការយកពន្ធថ្មីនេះនឹងត្រូវអនុវត្តន៍ជាក់ជាពុំខាន៕