(ញូដេលី)៖ នាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីអាកាសចរណ៍ស៊ីវិលនៃប្រទេសឥណ្ឌា លោក Suresh Prabhu បានសម្ពោធចាប់ផ្តើមនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អាកាសយានដ្ឋានចំនួន០៨ ដែលមានទីតាំងស្ថិតនៅជុំវិញផ្ទៃប្រទេស ដើម្បីកែលម្អពួកវាឲ្យត្រូវតាមស្តង់ដាលំដាប់ថ្នាក់ពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
អាកាសយានដ្ឋានទាំងអស់នេះ រួមមានអាកាសយានដ្ឋាន Trivandrum និង Calicut ដែលស្ថិតក្នុងរដ្ឋ Kerala នៅភាគខាងត្បូងប្រទេស, អាកាសយានដ្ឋាន Mangaluru នៅរដ្ឋភាគខាងត្បូង Karnataka, អាកាសយានដ្ឋាន Madurai នៅរដ្ឋភាគខាងត្បូង Tamil Nadu, អាកាសយានដ្ឋាន Rupsi នៅរដ្ឋភាគឦសាន Assam, អាកាសយានដ្ឋាន Jaipur នៅរដ្ឋភាគខាងលិច Rajasthan, អាកាសយានដ្ឋាន Amritsar នៅរដ្ឋភាគខាងជើង Punjab, ព្រមទាំងអាកាសយានដ្ឋាន Imphal នៅរដ្ឋភាគឦសាន Manipur។
គួរជម្រាបថា បើតាមលោក Prabhu ទឹកប្រាក់ប្រហែល៦.២ពាន់លានរូពី ឬ៨៨.៥លានដុល្លារ នឹងត្រូវចំណាយលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមអាកាសយានដ្ឋានទាំងនេះ។ វិស័យអាកាសចរណ៍ក្នុងប្រទេសឥណ្ឌា ត្រូវគេមើលឃើញថា កំពុងតែមានការរីកដុះដាលទៅមុខយ៉ាងឆាប់រហ័ស៕