(តូក្យូ)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) នៅថ្ងៃសុក្រនេះបានឱ្យដឹងថាខ្លួនត្រូវបង្ខំចិត្តពន្យារពេល ជើងហោះហើរនៅក្នុងស្រុកមួយកាលពីដើមសប្ដាហ៍កន្លងទៅ បន្ទាប់ពីសហពីឡុតម្នាក់ត្រូវបានគេធ្វើតេស្ដរកឃើញថាមាន ជាតិអាល់កុល នៅមុនពេលហោះហើរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើង ក្រោយអាជ្ញាធរជប៉ុនបានដាក់ចេញនូវច្បាប់ថ្មីមួយដែលហាមឃាត់ពីឡុតទាំងអស់ទទួល ទានសារធាតុស្រវឹង ឬមានជាតិអាល់កុល ដោយសារតែធ្លាប់មានឧទ្ទវហេតុជាច្រើនកើតឡើងមានជាប់ពាក់ព័ន្ធនឹងពីឡុត ពិសារជាតិស្រវឹង។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅ សហពីឡុតម្នាក់របស់ក្រុមហ៊ុន ANA មា្នក់ត្រូវបានធ្វើតេស្ដរកឃើញថាបានផឹកស្រាបៀរ ជាហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមួយនេះ សម្រេចចិត្តពន្យារពេលការហោះហើរអស់រយៈពេលមួយម៉ោង។ ពីឡុត រូបនេះគឺជាអ្នកបញ្ជាយន្ដហោះ Boeing 777 មានផ្ទុកមនុស្ស៣២២នាក់ ចាកចេញពីទីក្រុង Kobe ភាគខាងលិចប្រទេសជប៉ុន ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ៕