(ប៉េកាំង)៖ ក្រសួងការបរទេសចិនបាននិយាយថា ការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសវេណេស៊ុយអេឡា មិនគួរត្រូវបានធ្វើឡើងដោយការបង្ខិតបងំ្ខនោះទេ ព្រោះវាមានតែនាំផ្ទុះអំពើហិង្សាតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្សាង (Geng Shuang) ក៏បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំងជំទាស់ជាដាច់ខាត ចំពោះការធ្វើអន្តរាគមន៍យោធាណាមួយ ទៅក្នុងប្រទេសវេណេស៊យអេឡា។
អ្នកនាំពាក្យរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «បើសិនជាការបញ្ជូនជំនួយមនុស្សធម៌ ទាំងបង្ខំទៅកាន់វេណេស៊ុយអេឡាអាចនឹង បង្កទៅជាអំពើហិង្សា និងការប៉ះទង្គិចគ្នាព្រមទាំងផលវិបាកយ៉ាងធ្ងន់ធ្ងរ... ទាំងនេះហើយគឺអ្វីៗដែលយើងគ្រប់គ្នាមិនចង់ឱ្យវា កើតឡើង។ ម្យ៉ាងវិញទៀត យើងក៏ប្រឆាំងជំទាស់ជាដាច់ខាតផងដែរ ទៅនឹងរាល់ធ្វើអន្តរាគមន៍យោធា និងសកម្មភាពទាំងអស់ ដែលបង្កចលាចលនៅក្នុងប្រទេសវេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបិទព្រំដែនជាមួយប្រទេសប្រេស៊ីល ក៏ដូចជាកូឡុំប៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈមេបក្សប្រឆាំងលោក Juan Guaido និងតំណាងរាស្ត្រ ៨០នាក់ផ្សេង ទៀតត្រូវបានគេរំពឹងថា នឹងអមដំណើរក្បួនរថយន្ដដឹកជំនួយមនុស្សធម៌អាមេរិក ចូលក្នុងប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈនេះ (ម៉ោងនៅក្នុងតំបន់) ប៉ុន្តែរឿងរ៉ាវទៅជាយ៉ាងណានោះ គឺមិនទាន់មាននរណាអាចសន្និដ្ឋានបានឡើយនាពេលនេះ៕