(ប៉េកាំង)៖ លទ្ធផលស្រាវជ្រាវទីផ្សារបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Apple របស់អាមេរិក កំពុងតែបាត់បង់ឥទ្ធិពលនៅក្នុងទីផ្សារស្មាតហ្វូននៃប្រទេសចិន ដោយសារស្លាកតម្លៃដ៏ថ្លៃកប់ពពកនៃផលិផលរបស់ខ្លួន ខណៈក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនផ្ទាល់វិញ គឺ Huawei កំពុងតែឡើងកូដខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមទិន្នន័យទីផ្សារ ដែលទើបបញ្ចេញដោយក្រុមស្រាវជ្រាវវិស័យបច្ចេកវិទ្យា Gartner ចំណែកភាគហ៊ុនរបស់ Huawei នៅក្នុងទីផ្សារស្មាតហ្វូនមានការកើនឡើង ១៥ភាគរយ ក្នុងអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ រីឯ Apple វិញដែលធ្លាប់តែមានឥទ្ធិពលខ្លាំងនោះ បានបាត់បង់ភាគហ៊ុនរបស់ខ្លួន នៅក្នុងទីផ្សារដ៏ធំសម្បើមរបស់ចិន ព្រោះអតិថិជនភាគច្រើនលែងសូវទិញផលិតផលរបស់ Apple ដោយសារតែមានតម្លៃថ្លៃជាងគេជាងឯងពេក។
ទោះជាបែបនេះក្តី បើនិយាយពីចំណែកភាគហ៊ុនក្នុងទីផ្សារស្មាតហ្វូន ក្រុមហ៊ុន Apple នៅតែឈរនៅលេខរៀងទីពីរ (លេខ១ Samsung) ដដែល ប៉ុន្តែឥឡូវនេះគឺជាលើកដំបូងដែលក្រុមហ៊ុន Huawei បានតាមដល់ពីក្រោយយ៉ាងប្រកៀក ខណៈដែលខ្លួនបន្តបាត់បង់ឥទ្ធិពលពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមស្រាវជ្រាវ Gartner បានរកឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិនបច្ចុប្បន្នជាពិសេស Huawei បានបង្កើនគុណភាពស្មាតហ្វូនរបស់ពួកគេ ក្នុងកម្រិតគួរឲ្យកត់សម្គាល់ខ្លាំង។
ក្នុងត្រីមាសទី ៤ នៃឆ្នាំ២០១៨ ក្រុមហ៊ុន Apple បានលក់ដាច់ iPhone ចំនួន ៦៤.៥លានគ្រឿង ដែលបើតាម Gartner គឺជាអត្រាធ្លាក់ចុះជិត ១២ភាគរយ ធៀបនឹងចន្លោះពេលដូចគ្នាកាលពីឆ្នាំ២០១៧ ហើយចំណូលដែល Apple ធ្លាប់តែរកបានច្រើនពី iPhone ក៏បានថយចុះផងដែរ ដោយមួយចំណែកធំគឺព្រោះតែបរិមាណ នៃការលក់មិនសូវបានល្អនៅក្នុងប្រទេសចិន។
គួរជម្រាបថា បើតាមក្រុមស្រាវជ្រាវទីផ្សារស្មាតហ្វូតខាងលើ បញ្ហាតម្លៃគឺជាកត្តាគន្លឹះយ៉ាងសំខាន់មួយ ព្រោះថាមិនដូចពីមុនឡើយ សព្វថ្ងៃអតិថិជនអាចរកបាននូវមុខងារផ្សេងៗនៅលើស្មាតហ្វូនរបស់ចិន ដែលធ្លាប់តែមាននៅលើស្មាតហ្វូនរបស់ Apple ខណៈមុខងារទំនើបចុងក្រោយខ្លះទៀតថែមទាំងគ្មាននៅលើ iPhone ទៀតផង។
ម៉្យាងវិញទៀត ការដែលមានម៉ូដែលស្មាតហ្វូនចិនកាន់នៅក្នុងដៃ សម្រាប់ប្រជាជនចិន គឺពួកគេកាន់តែបង្ហាញមោទនភាពក្នុងកម្រិតស្មើគ្នា ដូចការដែលមាន iPhone នៅក្នុងដៃយ៉ាងដូច្នោះដែរ ស្របពេលដែលក្រុមហ៊ុនស្មាតហ្វូនចិនក្នុងស្រុក កំពុងបន្តបង្កើនមុខមាត់របស់ពួកគេ នៅក្នុងទីផ្សារអន្តរជាតិថែមទៀត ជាពិសេសគឺ Huawei តែម្តង បើទោះបីជាក្រុមហ៊ុនចិនមួយនេះ កំពុងរងការយាយីដោយអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនក៏ដោយ៕