(យូអិន)៖ ប្រទេសកូរ៉េខាងជើងបានប្រកាសអាសន្នថា ខ្លួនកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារក្នុងឆ្នាំ២០១៩នេះ និងបានបន្ទោសទៅលើការកើនឡើងសីតុណ្ហភាព គ្រោះរាំងស្ងួត ទឹកជំនន់ ព្រមទាំងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
ទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់អង្គការសហប្រជាជាតិ (UN) ថា ខ្លួនកំពុងតែប្រឈមជាមួយកង្វះខាតស្បៀងក្នុងឆ្នាំនេះ ដោយក្នុងនោះរួមមានទាំងអង្ករ ស្រូវសាលី ដំបូង និងសណ្តែកសៀងជាដើម ហើយនិងត្រូវបង្ខំចិត្តកាត់របបស្បៀងប្រចាំថ្ងៃ ស្ទើរតែពាក់កណ្តាលថែមទៀត។ បើតាមការព្យាករណ៍របស់ UN ប្រជាជន ១០.៣លាននាក់ ជិតពាក់កណ្តាលនៃចំនួនប្រជាជនកូរ៉េខាងជើងសរុប កំពុងត្រូវការស្បៀងអាហារជាចាំបាច់។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វិក ឌូចាររិច (Stephane Dujarric) បានឲ្យដឹងថា រដ្ឋាភិបាលព្យុងយ៉ាងបានស្នើសុំជំនួយ ពីអង្គការមនុស្សធម៌អន្តរជាតិនៅកូរ៉េខាងជើងឲ្យចូលរួមដោះស្រាយផលប៉ះពាល់នៃស្ថានការណ៍សន្តិសុខស្បៀងនេះ ខណៈជាមួយគ្នានេះបណ្តាទីភ្នាក់ងាររបស់ UN កំពុងរៀបចំបើកកិច្ចពិភាក្សាជាមួយទីក្រុងព្យុងយ៉ាងដើម្បីរិះរកចំណាត់ការបឋម ក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌៕