(ការ៉ាកាស់)៖ បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការវេណេស៊ុយអេឡា នឹងធ្វើដំណើរទៅកាន់ទីក្រុង គូគូតា (Cucuta) ប្រទេសកូឡុំប៊ីពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
បច្ចុប្បន្នក្បួនរថយន្ដដឹកជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក កំពុងជាប់គាំងនៅឯតំបន់ព្រំដែនរវាងកូឡុំប៊ី និងវេណេស៊ុយអេឡា ក្រោយលោក ម៉ាឌូរ៉ូ ចេញបញ្ជាឱ្យយោធាបិទស្ពានមួយកន្លែង។ ប៉ុន្តែបើតាមទីភ្នាក់ងារសារព័ត៌មាន Rueters មេបក្សប្រឆាំងលោក ហ្គៃដូ (Guaido) នឹងអមដំណើរក្បួនដឹកជំនួយមនុស្សធម៌នេះ ចូលក្នុងទឹកដីវេណេស៊ុយអេឡានៅថ្ងៃទី២៣ ខែកុម្ភៈនេះ ក្រោយពីលោកបានចេញបទបញ្ជាមួយ ក្នុងនាមជាប្រធានាធិបតីស្តីទីដែលលោកបានតែងតាំងដោយខ្លួនឯង ដើម្បីអនុញ្ញាតឲ្យជំនួយបរទេសដឹកចូលក្នុងស្រុក។
គួរបញ្ជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បានអះអាងថា នឹងរារាំងក្បួនរថយន្ដដឹកជំនួយមនុស្សធម៌អាមេរិក ចូលក្នុងប្រទេសជាដាច់ខាត ដោយលោកចោទថា ជំនួយអស់ទាំងនេះគឺជាលេសរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការ បំផ្លាញឯករាជ្យភាព និងអធិបតេយ្យភាពនៃប្រទេសរបស់លោក។ បន្ថែមពីនេះក្រោយពីបានលឺថា ប្រេស៊ីលគ្រោងដឹកជំនួយមនុស្សធម៌ ចូលមកតាមច្រកព្រំដែននៅចុងសប្តាហ៍នេះ លោក ម៉ាឌូរ៉ូ ក៏បានប្រកាសត្រៀមបិទព្រំដែនខ្លួនជាមួយប្រេស៊ីលផងដែរ៕