(ញូយ៉ក)៖ ក្រុមហ៊ុនបម្រើសេវាទស្សនាភាពយន្តតាមអនឡាញ ដ៏ល្បីរបស់អាមេរិក Netflix នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសឲ្យដឹងថា ខ្លួនបានទិញយកសិទ្ធិនៃខ្សែភាពយន្តខ្នាតធំបែបវិទ្យាសាស្រ្តរបស់ចិន ដែលមានចំណងជើងថា The Wandering Earth មកបម្រើអតិថិជនជាផ្លូវការហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
ខ្សែភាពយន្ត The Wandering Earth ដែលប្រើប្រាស់ទុនផលិត ៥០លានដុល្លារ រកចំណូលបានជាង ០៤លានយាន់ (ជិតស្មើនឹង ៦០០លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងតែពីត្រូវបានដាក់បញ្ចាំងកាលពីដើមខែកុម្ភៈនេះ នាឱកាសបុណ្យឆ្នាំនៅឯប្រទេសចិន ដែលប្រការនេះធ្វើឲ្យវាក្លាយជាភាពយន្តចិន ដែលកើបចំណូលបានច្រើនជាងគេទីពីរនៅក្នុងប្រវត្តិសាស្រ្ត ខណៈលេខមួយគឺរឿង Wolf Warrior 2។ មិនតែប៉ុណ្ណោះខ្សែភាពយន្តនេះ ក៏ទាក់ទាញបានទស្សនិកជនយ៉ាងច្រើននៅអាមេរិកផងដែរ បន្ទាប់ពីវាត្រូវបានដាក់បញ្ចាំងនៅតាមរោងភាពយន្ត ក្នុងទីក្រុងដូចជា New York និង Chicago ជាដើម។
ជុំវិញការទិញយកសិទ្ធិនេះ អ្នកដឹកនាំរឿងគឺ លោក Guo Fan បានសម្តែងក្តីរីករាយជាខ្លាំង ចំពោះការដែលភាពយន្តរបស់លោក អាចមានឱកាសឲ្យមនុស្សនៅតាមតំបន់ខុសៗគ្នា ជុំវិញពិភពលោកបានទស្សនា ហើយលោកសង្ឃឹមថា ពួកគេនឹងចូលចិត្តវា។ យ៉ាងណាមិញ Netflix មិនទាន់បានបញ្ជាក់ឲ្យដឹងពីថ្ងៃដែលខ្លួន នឹងបញ្ចេញខ្សែភាពយន្តនេះនៅលើវែបសាយនៅឡើយទេ ប៉ុន្តែបានអះអាងថា វានឹងត្រូវបកប្រែទៅជា ២៨ភាសា សម្រាប់ទស្សនិកជុំវិញពិភពលោក ដែលកំពុងប្រើប្រាស់សេវារបស់ខ្លួន។
គួរជម្រាបថា ដោយផ្អែកលើសៀវភៅប្រលោមលោករបស់អ្នកនិពន្ធ លោក Liu Cixin ខ្សែភាពយន្ត The Wandering Earth និយាយរៀបរាប់អំពីផែនការដ៏មហិមារបស់មនុស្សលោកយើង ជុំវិញការបង្កើតម៉ាស៊ីនដ៏មានអនុភាពមួយ ដើម្បីរុញផែនដីឲ្យចេញពីប្រព័ន្ធព្រះអាទិត្យ ដែលប្រឈមមុខនូវហានិភ័យ នៃការរីកធំឡើងយ៉ាងឆាប់រហ័សរបស់ព្រះអាទិត្យ។ Special Effect របស់ភាពយន្តនេះ ត្រូវមនុស្សភាគច្រើនវាយតម្លៃថា មានគុណភាពប្រហាក់ប្រហែលនឹងខ្សែភាពយន្តខ្នាតធំមួយចំនួនរបស់ហូលីវូដ ប៉ុន្តែបើចង់ដឹងថា ពិតឬមិនពិតនោះ ចូររង់ចាំទស្សនាទាំងអស់គ្នា៕