(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសថា នឹងបិទព្រំដែនជាមួយប្រទេសប្រេស៊ីលនៅយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ខណៈលោកកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ដល់មនុស្សធម៌ពី សំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកក៏កំពុងពិចារណាបិទព្រំដែនជាមួយប្រទេសកូឡុំប៊ីផងដែរ ដើម្បីកាត់ផ្ដាច់ការទទួលជំនួយពីបរទេសរបស់គណបក្សប្រឆាំង។ បន្ថែមពីលើនេះលោកនៅតែបន្តចោទប្រកាន់ដដែលថា ការផ្ដល់ជំនួយមនុស្សធម៌ពីសហរដ្ឋអាមេរិក គឺជាលេសគាំទ្របក្សប្រឆាំង និងចង់ឈ្លានពានទម្លាក់រូបលោក ចេញពីតំណែងតែប៉ុណ្ណោះ។
គួរជម្រាបថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បានបដិសេធថា វេណេស៊ុយអេឡាមិនមែនកំពុងស្ថិតនៅក្នុងវិបត្តិមនុស្សធម៌ ដូចសហរដ្ឋអាមេរិកលើកឡើងនោះទេ។ ប៉ុន្តែលោកផ្ទាល់បែរអះអាងនៅក្នុងសប្ដាហ៍នេះថា រុស្ស៊ីនឹងបញ្ជូនជំនួយមនុស្សធម៌ ៣០០តោនមកកាន់ទីក្រុងការ៉ាកាស់ទៅវិញ ហើយវេណេស៊ុយអេឡាបានយល់ព្រមទទួល៕