(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងរក្សាទុកកងទ័ពសម្រាប់រក្សាសន្តិភាព ២០០នាក់នៅក្នុងប្រទេសស៊ីរីដោយមានការកំណត់ពេលវេលាជាក់លាក់ (មិនទាន់ប្រកាស) បន្ទាប់ពីការដកកងទ័ពរាប់ពាន់នាក់របស់ខ្លួន ចេញពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ទៅតាមផែនការដើម។ នេះបើតាមសេតវិមានដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ កាលពីខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាឱ្យមន្ទីរបញ្ចកោណ ដកកងទ័ពអាមេរិកទាំងអស់ជាង ២,០០០នាក់ចេញពីទឹកដីស៊ីរី ដោយអះអាងពួក ISIS ត្រូវបានកម្ចាត់។ ប៉ុន្តែសម្ព័ន្ធមិត្តអាមេរិកជាពិសេសគឺបារាំង បានរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះហើយស្នើឱ្យលោក ត្រាំ ប្ដូរគោលនយោបាយរបស់លោកវិញ ដើម្បីធានាការពារក្រុមអ្នកប្រយុទ្ធឃើដ ដែលតស៊ូប្រយុទ្ធប្រឆាំងពួក ISIS និងកំពុងស្ថិតនៅក្រោមការគំរាមកំហែងពីតួកគី។
គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់សេតវិមាន កើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ ដោយមេដឹកនាំទាំង ២ ក៏បានព្រមព្រៀងគ្នាផងដែរក្នុងការបន្តរក្សាកិច្ចសហប្រតិបត្តិការ ស្ដីពីការបង្កើតតំបន់សុវត្ថិភាពមួយនៅស៊ីរី។ ប៉ុន្តែព្រមពេលជាមួយគ្នាសេតវិមានមិនបានបញ្ជាក់លម្អិត ពីពេលវេលាដែលកងទ័ពអាមេរិក ២០០នាក់នឹងត្រូវស្ថិតនៅក្នុងប្រទេសស៊ីរី ឬក៏ទីតាំងឈរជើងពិតប្រាកដនោះឡើយ៕