(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងត្រូវចូលរួមក្នុងជំនួបមួយទល់នឹងមួយ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅអំឡុងកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលធ្លាប់បានជួបគ្នាម្ដងរួចមកហើយក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ នឹងត្រូវជួបគ្នាជាលើកទី ២ នៅឯទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ ខណៈសហរដ្ឋអាមេរិក កំពុងបញ្ចុះបញ្ចូលឱ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរផងដែរ។
ជុំវិញជំនួបនេះដែរ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ទៀតថា ជំនួបកំពូលជាលើកទី ២ អាចនឹងដំណើរការដូចជំនួបដែលធ្លាប់បាន ធ្វើនៅក្នុងប្រទេសសិង្ហបុរីដែរ... ពោលគឺមេដឹកនាំទាំង ២ អាចនឹងជួបគ្នាក្នុងជំនួបទល់មុខ មុននឹងចូលរួមក្នុងកិច្ចប្រជុំជាមួយ ក្រុមមន្ត្រីនៃប្រទេសទាំង ២។
គួរបញ្ជាក់ថា បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស្វេហ្វិន ប៊ីហ្គាន់ (Stephen Biegun) បានជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងជើងរបស់លោក គឺលោក គីម គ្យុកចុល (Kim Hyok Chol) ក្នុងទីក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកមិនបានបញ្ជាក់ព័ត៌មានអ្វីលម្អិតនោះទេ៕