(ម៉ូស្គូ)៖ អ្នកជំនាញផ្នែកយោធានិងជាមេទ័ពជើងទឹករុស្ស៊ីដែលចូលនិវត្តន៍ លោក Vsevolod Khmyrov នាថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា មីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីថ្មីរបស់ប្រទេសរុស្ស៊ីហៅថា Tsirkon ឬ Zircon មានសមត្ថភាពវាយប្រហារទម្លុះចូលប្រព័ន្ធការពារដែនអាកាសឬក៏ខែលការពារមីស៊ីលនានានៅលើពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
ការអះអាងរបស់មន្រ្តីយោធាជើងចាស់រុស្ស៊ីខាងលើធ្វើឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសពីភាពជោគជ័យក្នុងដំណើរការអភិវឌ្ឍន៍អាវុធថ្មីនេះ។ លោក ពូទីន បានបញ្ជាក់ថា មីស៊ីល Tsirkon ដែលជាប្រភេទ Hypersonic (គ្រាប់មីស៊ីលលឿនជាងល្បឿនសំឡេងចាប់ពី០៥ដងឡើងទៅ) បើបាញ់ចេញពីនាវាចម្បាំងឬនាវាមុជទឹក អាចហោះបានល្បឿន១១,០០០គីឡូម៉ែត្រ ដែលលឿនជាងល្បឿនសំឡេងដល់ទៅ០៩ដង (Mach 9) និងអាចវាយប្រហារលើគោលដៅ ដែលនៅចម្ងាយឆ្ងាយជាង១,០០០គីឡូម៉ែត្រ ក្រោមផ្ទៃទឹកឬក៏លើផ្ទៃដីបាន។
បើតាម លោក Khmyrov ប្រសិននាវាចម្បាំងដែលបំពាក់មីស៊ីល Tsirkon ស្ថិតនៅចម្ងាយ៥០០គីឡូម៉ែត្រពីបណ្តោយឆ្នេរ មីស៊ីលនេះនឹងអាចហោះទៅដល់គោលដៅ ដែលនៅចម្ងាយយ៉ាងតិច៥០០គីឡូម៉ែត្រពីមាត់ឆ្នេរ ក្នុងរយៈពេលត្រឹម០៥នាទីប៉ុណ្ណោះ ខណៈក្នុងអំឡុងពេលដ៏ខ្លីបែបនេះ វាអាចទៅរួចក្នុងការចាប់សញ្ញារបស់មីស៊ីល ប៉ុន្តែពុំអាចបាញ់ស្ទាក់ពួកវាបានទាន់ពេលនោះទេ។
គួរជម្រាបថា ក្នុងឱកាសប្រកាសពីវត្តមានរបស់មីស៊ីល Tsirkon លោក ពូទីន បានព្រមានតម្រង់ក្បាលមីស៊ីលនេះ ទៅរកសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅតំបន់អឺរ៉ុប ដែលជាការគំរាមកំហែងជាខ្លាំងដល់សន្តិសុខជាតិរុស្ស៊ី៕