(កូស្ដារីកា)៖ រដ្ឋាភិបាលកូស្ដារីកាបានថ្កោលទោស និងសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះសកម្មភាពតំណាងទូតរបស់ មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានគ្រប់គ្រងស្ថានទូតវេណេស៊ុយអេឡាដោយមិនគោរពតាមការសម្រេចចិត្តពីអាជ្ញាធរកូស្ដារីកា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងការបរទេសកូស្ដារីកា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតសោកស្ដាយ ក៏ដូចជាមិនអាចទទួលយកបានឡើយ ចំពោះការចូលគ្រប់គ្រងអគារស្ថានទូតវេណេស៊ុយអេឡា ប្រចាំប្រទេសកូស្ដារីកា ដោយតំណាងទូតនៃរដ្ឋាភិបាលប្រធានាធិបតីស្ដីទី លោក Juan Guaido។ បន្ថែមពីលើនេះ យើងក៏សូមថ្កោលទោសផងដែរ លើសកម្មភាពរបស់តំណាងទូតវេណេស៊ុយអេឡា គឺលោកស្រី ម៉ារៀ ហ្វារៀ (Maria Faria) ដែលមិនបានគោរព តាមការសម្រេចចិត្តពីសំណាក់អាជ្ញាធរកូស្ដារីកា ដោយទុកពេល ៦០ថ្ងៃឱ្យមន្ត្រីទូតរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចេញពីប្រទេសជាមុនសិន មុននឹងលោកស្រីអាចគ្រប់ស្ថានទូតវេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា លោក Guaido បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា កាលពីខែមករា កន្លងទៅ រីឯកូស្ដារីកាក៏ស្ថិតនៅក្នុងចំណោមប្រទេស ដែលបានប្រកាសទទួលស្គាល់រូបលោកផងដែរ និងបដិសេធទទួលស្គាល់អាណត្តិជា ប្រធានាធិបតីរបស់លោក ម៉ាឌូរ៉ូ។ ដូច្នេះមានន័យថា ប្រទេសអាមេរិកឡាទីនមួយចំនួនដែលមិនទទួលស្គាល់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ គឺបានបង្គាប់ឲ្យមន្ត្រីទូតរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ធ្វើការចាកចេញពីប្រទេស ប៉ុន្តែករណីកូស្តារីកានេះ គឺជារឿងមួយដែលបំពានច្បាប់ និងធ្វើឡើងទាន់ហន់ពេក៕