(ដាកា)៖ អាជ្ញាធរបង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅ លេបត្របាក់ដ៏ចំណាស់ជាច្រើននៅក្នុងរដ្ឋធានីដាកា បានកើនដល់ ៨១នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ ស្នងការប៉ូលិសប្រចាំទីក្រុង ដាកា អាលី អាហ្សេម (Dhaka KM Ali Azam) ក៏បានបញ្ជាក់ប្រាប់ស៊ីហួរដែរថា មនុស្ស ៤១នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យផ្សេងពីគ្នានៅក្នុងទីក្រុង ខណៈសាកសពជនរងគ្រោះត្រូវបានរក្សាទុក នៅក្នុងមន្ទីរពេទ្យទីក្រុង ដាកា (Dhaka Medical College Hospital)។
គួរបញ្ជាក់ថា បើតាមព័ត៌មានបឋម គ្រោះអគ្គីភ័យខាងលើទំនងជាបានបង្កឡើងចេញពីបំពង់ហ្គាសនៅក្នុងអគារស្នាក់នៅមួយកន្លែង ដែលជាទីស្តុកទុកនូវសារធាតុគីមជាច្រើនមុខ ដែលងាយនឹងឆាបឆេះផងដែរ។ ក្រុមពន្លត់អគ្គិភ័យមកពី ៣៧អង្គភាព បានចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងដ៏អាក្រក់នេះ រហូតដល់ម៉ោង ៣៖០០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅរដ្ឋធានីដាកា)៕