(ហាណូយ)៖ យោងតាមសេចក្តីបង្គាប់ថ្មីមួយរបស់រដ្ឋាភិបាលវៀតណាម ពលរដ្ឋមកពីប្រទេសចំនួន ៣៥ នឹងមានសិទ្ធិស្នើសុំទិដ្ឋាការបែបអេឡិចត្រូនិច ដែលគេហៅថា E-Visa នៅក្រោមកម្មវិធីសាកល្បងមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានវៀតណាម VnExpress នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកុម្ភៈតទៅ វៀតណាមនឹងផ្តល់ទិដ្ឋាការអេឡិចត្រូនិចដល់ប្រជាពលរដ្ឋមកពី ៣៥ប្រទេស ក្នុងនោះរួមមានអូស្រ្តាលី ប៊ែលហ្សិក ប្រេស៊ីល ចិន ក្រូអាត ម៉ិចស៊ីកូ កាតា ប៉ាពួញូហ្គីណេ និងនូវែលសេឡង់ជាដើម នៅក្រោមកម្មវីធីសាកល្បងមួយ ដែលមានរយៈពេល ០២ឆ្នាំ។
ជាមួយគ្នានេះ ច្រកទ្វារព្រំដែន Tay Trang នៅខេត្ត Dien Bien ភាគខាងជើង, Na Meo នៅខេត្ត Thanh Hoa ភាគកណ្តាល, La Lay នៅខេត្ត Quang Tri ភាគកណ្តាល ព្រមទាំងកំពង់ផែ Duong Dong នៅខេត្ត Kien Giang ភាគខាងត្បូង និងផែ Chan May នៅខេត្ត Thua Thien Hue កណ្តាល ក៏នឹងអនុញ្ញាតឲ្យមានការធ្វើអន្តោប្រវេសន៍តាម E-Visa ផងដែរ។ បច្ចុប្បន្នច្រកព្រំដែនសរុបចំនួន ១៦ និងផែចំនួន ០៩ នៅវៀតណាម អនុញ្ញាតឲ្យជនបរទេសចូលមកក្នុងប្រទេសអាស៊ាននេះ តាម E-Visa។
គួរជម្រាបថា វៀតណាម ដែលទទួលបានភ្ញៀវទេសចរបរទេសប្រហែល ១៥.៥លាននាក់ កាលពីឆ្នាំ២០១៨ កំពុងខិតខំព្យាយាមស្រូបយកអ្នកទេសចរអន្តរជាតិឲ្យបាន ១៨លាននាក់ នៅក្នុងឆ្នាំ២០១៩នេះ៕