(ហ្សេរុយសាឡឹម)៖ Rafael Advanced Defense Systems (RADS) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារដ្ឋអ៊ីស្រាអែល បានដាក់តាំងបង្ហាញមីស៊ីលរយៈចំងាយឆ្ងាយដ៏ថ្មីសន្លាងមួយ មានសមត្ថភាពកម្ទេចគោលដៅសត្រូវនៅក្រោមដី និងមានសមត្ថភាពកំណត់ទីតាំងច្បាស់លាស់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមក្រុមហ៊ុន Rafael មីស៊ីលខាងលើមានឈ្មោះ Rocks និងត្រូវបានដាក់តាំងបង្ហាញនៅឯពិព័រណ៍យន្ដហោះ ចម្បាំងរៀបចំឡើងក្នុងទីក្រុង ប៊ែងហ្គាឡ័រ (Bangalore) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈនេះ។ ក្រុមហ៊ុនរដ្ឋអ៊ីស្រាអែលមួយនេះ បានបញ្ជាក់ទៀតថា មីស៊ីល Rocks អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ព្រមទាំងមានសមត្ថភាពកម្ទេចគោលដៅរបស់សត្រូវទាំងនៅលើ គោក ក្រោមដី និងអាចធ្វើប្រតិបត្តិការនៅខាងក្រៅតំបន់ ដែលគ្របណ្ដប់ដោយប្រព័ន្ធការពារដែនអាកាសទៀតផង។
គួរបញ្ជាក់ថា ក្រៅតែពីមីស៊ីល Rocks អ៊ីស្រាអែលក៏បានដាក់បង្ហាញមីស៊ីល Mini-Harpy នៅឯពិព័រណ៍យន្ដហោះចម្បាំងក្នុងប្រទេសឥណ្ឌា នៅថ្ងៃពុធសប្ដាហ៍នេះ។ អ្វីដែលដែលពិសេសជាងនេះទៅទៀតនោះ Rocks អាចធ្វើដំណើរបានលឿនជាងល្បឿនសំឡេង និងប្រើប្រាស់ប្រព័ន្ធប្រាប់ទីតាំង GPS ដើម្បីប្រាកដច្បាស់ពីគោលដៅដែលត្រូវវាយប្រហារ មិនឲ្យមានការភ័ន្តច្រឡំនោះឡើយ។ បន្ថែមពីនេះវាមានបំពាក់នូវកាមេរ៉ាកម្រិតខ្ពស់ ដែលអាចបញ្ជាឲ្យវាទៅរកទីតាំងវាយប្រហារ រួចចុចទម្លាក់នៅទីនោះតែម្តង៕