(បាងកក)៖ យន្តហោះយោធាប្រភេទ C-130 ដឹកនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានត្រឡប់មកចុះចតនៅព្រលានយន្តហោះ ដនមឿង (Don Mueang) វិញយ៉ាងបន្ទាន់ ក្រោយពីទើបហោះចេញបានតែរយៈពេល ៤៥នាទីប៉ុណ្ណោះ សំដៅទៅខេត្តភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ Bangkok Post នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
យន្តហោះយោធាថៃ C-130 ដែលជាផលិតផលរបស់អាមេរិកនេះ មានលេខសម្គាល់ ៦០១០៩ ត្រូវបានកំណត់គោលដៅទៅចុះចតនៅព្រលានយន្តហោះ សាមុយ (Samui) នៅក្នុងខេត្តស៊ូរ៉ាត់ថានី (Surat Thani) នាវេលាម៉ោង ៨៖២០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅបាងកក)។ ក្រោយពីការចុះចតនៅព្រលានយន្តហោះ Don Mueang វិញលោក ប្រាយុទ្ធ បានប្តូរជើងហោះហើរទៅយន្តហោះយោធាប្រភេទ C-295 វិញដែលមានលេខសម្គាល់ ១៦១៥០ ទៅកាន់ខេត្ត Surat Thani និងក្រាប៊ី (Krabi)។
គួរបញ្ជាក់ថា ពុំមានព័ត៌មានលម្អិតនៅឡើយទេថា តើយន្តហោះប្រភេទ C-130 នោះបានជួបប្រទះបញ្ហាម៉ាស៊ីនត្រង់ណាឲ្យប្រាកដ ប៉ុន្តែវាបានបង្កឲ្យលោកនាយករដ្ឋមន្ត្រីថៃ និងមន្ត្រីអមដំណើរ ត្រូវពន្យារពេលទៅកាន់បណ្តាខេត្តខាងលើនេះរហូតដល់ ១ម៉ោង និង ៣០នាទី៕