(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា ស្ត្រីម្នាក់កើតនៅលើសហរដ្ឋអាមេរិក ដែលបានទៅចូលរួម ជាមួយក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងប្រទេសស៊ីរីមិនមែនជាពលរដ្ឋអាមេរិកទៀតនោះទេ ហើយក៏មិនមានសិទ្ធិស្របច្បាប់ត្រឡប់មកកាន់ស្រុកកំណើតវិញដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
នាង ហូដា មូថាណា (Hoda Muthana) មានអាយុ ២៤ឆ្នាំ បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីកាលពីជាង ៤ឆ្នាំមុន ដើម្បីចូលរួមជាមួយក្រុម ISIS ហើយនាងបានរៀបការជាមួយអ្នកប្រយុទ្ធ ISIS ម្នាក់ ព្រមទាំងបានអំពាវនាវជាច្រើននៅលើ Twitter ដោយលើកទឹកចិត្តឱ្យមានការវាយប្រហារ ប្រឆាំងនឹងបណ្ដាប្រទេសលោកខាងលិច។
ប៉ុន្តែក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅឯមន្ទីរឃុំឃាំងមួយក្នុងប្រទេសស៊ីរី នៅសប្ដាហ៍នេះនាង Muthana បានសម្ដែងការសោកស្ដាយ និងសូមទោសចំពោះសកម្មភាពដែលនាងធ្លាប់បានធ្វើ និងចង់បានឱកាសត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ដើម្បីទៅជួបជុំគ្រួសារនៅឯរដ្ឋ អាឡាបាម៉ា (Alabama) ជាមួយនឹងកូនប្រុស។
តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងនាង Hoda Muthana មិនមែនជាពលរដ្ឋអាមេរិកទៀតនោះទេ ហើយក៏មិនអាចត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញដែរ។ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គាត់ (នាង Muthana) មិនមានមូលដ្ឋានច្បាប់ គ្មានលិខិតឆ្លងដែនអាមេរិកដែលត្រូវបានទទួលស្គាល់ គ្មានសិទ្ធិកាន់លិខិតឆ្លងដែន និងទិដ្ឋាការដើម្បីធ្វើមកសហរដ្ឋអាមេរិកវិញនោះទេ»។
គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះលោក ដូណាល់ ត្រាំ ក៏បានលើកឡើងនៅលើ Twitter ដែរថា លោកបានបញ្ជាដោយផ្ទាល់ឱ្យលោក ប៉ុមប៉េអូ ធ្វើយ៉ាងណាកុំឱ្យនាង Hoda Muthana ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកវិញបាន។ ចំណែកឯក្រសួងការបរទេសអាមេរិក មិនបានបញ្ជាក់លម្អិតឡើយថា តើហេតុអ្វីបានជាមិនទទួលស្គាល់ស្ត្រីរូបនេះជាពលរដ្ឋអាមេរិក៕