(ម៉ូស្គូ)៖ ប្រធានផ្នែករចនានៃក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអាកាសចរណ៍ និងអវកាស NPO របស់ប្រទេសរុស្ស៊ី លោក Alexander Begak បានឲ្យដឹងថា កិច្ចការអភិវឌ្ឍន៍ «នាវា ឬយន្តហោះអវកាស» ដែលមានសមត្ថភាពហោះឡើងចេញពីផ្លូវយន្តហោះធម្មតា ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរឡើងទៅទស្សនាកម្សាន្ត នៅគន្លងគោចរជុំវិញផែនដី កំពុងតែប្រព្រឹត្តទៅហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Begak បានបង្ហើបឲ្យដឹងថា ការងារអភិវឌ្ឍន៍យានអវកាសដែលហៅថា Selena Space Yacht បានចាប់ផ្តើមតាំងតែពី ០២ឆ្នាំមុនមកម្ល៉េះ។ បើតាមលោក Begak យាននេះនឹងមានសមត្ថភាពចុះចត ឬហោះចេញពីផ្លូវយន្តហោះនានា ពោលគឺដូចជាយន្តហោះធម្មតាយ៉ាងដូច្នោះ ហើយនាពេលនេះក្រុមវិស្វករជំនាញ កំពុងតែធ្វើការគណនាពីថេរវេលាសមរម្យ សម្រាប់ការធ្វើដំណើរក្នុងទីអវកាស ក៏ដូចជាគន្លងផ្លូវហោះហើរដ៏ប្រសើរមួយ។
យានអវកាសខាងលើ នឹងទម្លុះឡើងដល់លំហអវកាសជាមួយល្បឿនអតិបរមា៤,៣២១គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿនលឿនជាងសំឡេង ៣.៥ដង នៅរយៈកម្ពស់ចន្លោះពី ១២០-១៤០គីឡូម៉ែត្រពីកម្ពស់នីវ៉ូទឹកសមុទ្រផែនដី ហើយនឹងចុះត្រឡប់មកក្នុងបរិយាកាសផែនដីវិញជាមួយល្បឿនជាង ០១ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរជម្រាបថា កប៉ាល់អវកាសសរុបទាំងអស់ ០៣គ្រឿងនឹងលេចរូបរាងឡើយ ដែលមួយគ្រឿងមានកៅអីដឹកអ្នកដំណើរ ០៦នាក់ រួមជាមួយកៅអីពីឡុតម្នាក់ ប៉ុន្តែពួកវាដំណើរការដោយស្វ័យប្រវត្តិសុទ្ធសាធ ខណៈវត្តមានរបស់ពីឡុតម្នាក់នោះ គឺសម្រាប់ឲ្យអ្នកដំណើរមានអារម្មណ៍កក់ក្តៅប៉ុណ្ណោះ។ បើតាមលោក Begak តម្លៃសំបុត្រសម្រាប់មនុស្សម្នាក់ គឺចន្លោះពី ២០០,០០០ដុល្លារ ទៅដល់ ៣០០,០០០ដុល្លារ ហើយជើងហោះហើរដំបូង អាចនឹងចាប់ផ្តើមនៅ ០៥ឆ្នាំក្រោយ៕