(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងជាថ្មីម្ដងទៀតលើ New York Times ដោយចាត់ទុកសារព័ត៌មានអាមេរិកមួយនេះថា ជាប្រភពព័ត៌មានក្លែងក្លាយ និងជាសត្រូវយ៉ាងពិតប្រាកដមួយរបស់ប្រជាជនយ៉ាងពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
នេះមិនមែនជាលើកទីមួយឡើយដែលលោក ដូណាល់ ត្រាំ ដៀលត្មេះប្រព័ន្ធផ្សព្វផ្សាយ ពោលគឺរឿងបែបនេះបានកើតឡើងតាំងតែពីលោក ឡើងកាន់តំណែងជប្រធានាធិបតីមកម្ល៉េះ ហើយសារព័ត៌មានដែលលោកតែងតែរិះគន់ជាពិសេសមានដូចជា CNN, Washington Post និង New York Times។ ដោយឡែក ថ្លែងនៅលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ នៅតែបន្តវាយប្រហារលើ New York Times ដដែល។
អតីតមហាសេដ្ឋីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា «សារព័ត៌មានមិនដែលជួបភាពអាម៉ាស់ដូចសព្វថ្ងៃនេះទេ ...រឿងដែលពួកគេបានសរសេរ គឺសុទ្ធតែរឿងមិនពិតគ្មានមូលដ្ឋានច្បាស់លាស់ ហើយពួកគេក៏មិនដែលសាកសួរបញ្ជាក់មុនចុះផ្សាយដែរ។ ជាឧទាហរណ៍ដូចជា New York Times តែងតែរាយការណ៍ និងចុះផ្សាយរឿងមិនពិត។ ពួកគេគឺសត្រូវយ៉ាងពិតប្រាកដរបស់ប្រជាជន»។
គួរបញ្ជាក់ថា ប្រតិបត្តិកម្មធ្ងន់ៗរបស់លោក ដូណាល់ ត្រាំកើតមានឡើងបន្ទាប់ពីសារព័ត៌មាន New York Times កាលពីថ្ងៃអង្គារកន្លងទៅ បានចុះផ្សាយអត្ថបទមួយដោយអះអាងថា ប្រធានាធិបតីអាមេរិករូបនេះបានស្ថិតនៅក្នុងសង្រ្គាមអស់រយៈពេលជាង ០២ឆ្នាំ ជាមួយការស៊ើបអង្កេតលើអតីតក្រុមមន្ត្រីជំនិតរបស់លោកជាច្រើននាក់ ពាក់ព័ន្ធនឹងការលូកលាន់របស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក ដែលនាំឲ្យលោក ត្រាំ ឈ្នះឆ្នោតកាលពីឆ្នាំ២០១៦៕