(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនឹងនៅតែធ្វើការយកពន្ធកម្រិតខ្ពស់ ទៅលើយានយន្តដែលនាំចូលពីសហភាពអឺរ៉ុប (EU) ប្រសិនបើទីភ្នាក់ការកណ្តាលអឺរ៉ុបនៅព្រុចសែលមិនអាចសម្រេចបានកិច្ចព្រមព្រៀងសមរម្យមួយ ជាមួយសហរដ្ឋអាមេរិកទេនោះ។ នេះបើតាមការអះអាងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
នាកំឡុងសន្និសីទសារព័ត៌មានខ្លីមួយ ជាមួយអធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) នៅឯសេតវិមានទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា «ប្រសិនបើយើងមិនអាចសម្រេចកិច្ចព្រមព្រៀងជាមួយ EU បានទេនោះ ពួកយើងនឹងអនុវត្តន៍ចំណាត់ការទារពន្ធក្នុងកម្រិតខ្ពស់ពីពួកគេ»។ លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា កន្លងមកនេះសហភាពអឺរ៉ុបដូចជាពិបាកក្នុងការចរចាគ្នាខ្លាំងណាស់។
គួរជម្រាបថា បញ្ហាវិវាទផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានឈានដល់ភាពតានតឹងខ្លាំង បន្ទាប់ពីលោក ត្រាំ ប្រកាសពីវិធានការយកពន្ធ ២៥ភាគរយលើដែកថែប និង ១០ភាគរយលើអាលុយមីញ៉ូម ដែលនាំចូលពីប្លុកដែលមានសមាជិក ២៨ប្រទេសនេះ រួមជាមួយប្រជាជាតិមួយចំនួនទៀត កាលពីខែមីនា ឆ្នាំ២០១៨។
មួយវិញទៀតកាលពីខែកក្កដា ឆ្នាំ២០១៨ ទោះបាននិយាយថា លោកនឹងមិនទាន់អនុវត្តន៍ចំណាត់ការទារពន្ធថ្មីនេះលើទំនិញរបស់ EU ក៏ដោយលោក ត្រាំ បានព្រមានជាច្រើនដងថា នឹងយកពន្ធក្នុងអត្រា ២៥ភាគរយលើរថយន្តនាំចូលពីសហភាពអឺរ៉ុប ដើម្បីតុល្យភាពពាណិជ្ជកម្ម៕