(ដាកា)៖ មនុស្សយ៉ាងតិចចំនួន៦៩នាក់បានបាត់បង់ជីវិត ក្រោយគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅមួយបានកើតឡើង នៅក្នុងរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យរបស់បង់ក្លាដែស លោក Ali Ahmed បានបញ្ជាក់ថា គ្រោះអគ្គីភ័យខាងលើទំនងជាបានបង្កឡើងចេញពីបំពង់ហ្គាស នៅក្នុងអគារ Apartment មួយកន្លែង ដែលជាទីស្តុកទុកនូវសារធាតុគីមជាច្រើនមុខ ដែលងាយនឹងឆាបឆេះផងដែរ។ មិនតែប៉ុណ្ណោះអណ្តាតភ្លើងក្នុងអគារនេះ ក៏បានរីករាលដាលដល់អគារ ៤ផ្សេងទៀត ដែលនៅជាប់គ្នាថែមទៀតផង។
បើតាមលោក Ahmed អគ្គីភ័យដ៏អាក្រក់នេះស្ទើរតែត្រូវគ្រប់គ្រងបានទាំងស្រុងហើយ ប៉ុន្តែចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងខ្ពស់ថែមទៀត ខណៈដែលការរុករកជនរងគ្រោះកំពុងបន្តប្រព្រឹត្តទៅនៅតាមអគារ ដែលបានទទួលរងការឆាបឆេះ។ ក្រៅពីនេះមនុស្សជាច្រើននាក់ទៀត ក៏បានរងរបួសក្នុងហេតុការណ៍ខាងលើផងដែរ។
គួរជម្រាបថា កាលពីឆ្នាំ២០១០ គ្រោះអគ្គីភ័យស្រដៀងគ្នា បានកើតឡើងក្នុងអគារមួយកន្លែង ដែលត្រូវបានប្រើប្រាស់ដើម្បីស្តុកសារធាតុគីមីដូចគ្នា ដោយបានផ្តាច់ជិវិតមនុស្សជាង១២០នាក់ នៅក្នុងទីក្រុងដាកា៕