(ពិភពលោក)៖ ខណៈដែលអ្នកសង្កេតការណ៍ជាច្រើនបានរិះគន់ទៅលើកិច្ចព្រមព្រៀងរវាងអាមេរិក និងកូរ៉េខាងជើងក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន នៅប្រទេស សិង្ហបុរី ដោយសារតែការប្រើប្រាស់ភាសាមិនច្បាស់លាស់ និងការខ្វះការសន្យានោះ ក៏មានមជ្ឈដ្ឋានខ្លះអះអាងថា កិច្ចប្រជុំកំពូលលើនេះពិតជាមានប្រយោជន៍ជាខ្លាំង ក្នុងជំហានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលធ្លាប់ជាសត្រូវនឹងគ្នាអស់ជាច្រើនទសវត្សមកហើយ។
ក្នុងកិច្ចជំនួបលើកនេះ លោក Trump នឹងព្យាយាមធ្វើឱ្យកូរ៉េខាងជើង ប្តេជ្ញាដើម្បីបោះជំហានទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ ខណៈអាទិភាពចម្បងរបស់លោក Kim គឺ ការទទួលបានជំនួយ រួចផុតពីការដាក់ទណ្ឌកម្មដើម្បីរំដោះសេដ្ឋកិច្ចខ្លួន។ មានន័យថា ភាគីទាំងពីរមានបំណងចង់បានផលចំណេញរៀងៗខ្លួន ពីកិច្ចជំនួបខាងលើនាពេលខាងមុខ។
ខាងក្រោមនេះជា៤ចំនុចសំខាន់ៗ សម្រាប់លោក Trump ដើម្បីអាចកេងចំណេញផលប្រយោជន៍ពីជំនួបខាងមុខនេះ៖
១៖ ស្នើឱ្យប្រទេសកូរ៉េខាងជើងផ្ដល់បញ្ជី និងព័ត៌មានជុំវិញអាវុធនុយក្លេអ៊ែរទាំងអស់
សំណូមពរនេះស្ដាប់ទៅហាក់ដូចជាឆ្គងបន្តិចព្រោះយើងដឹងច្បាស់ថា កូរ៉េខាងជើង ទំនងជាមិនយល់ព្រមតាមសំណើនេះងាយៗនោះទេ ប៉ុន្តែយ៉ាងហោចណាស់វាអាចចាត់ទុកថាជាយុទ្ធសាស្ត្រមួយដើម្បីកេងចំណេញនយោបាយ។
បន្ទាប់ពីកិច្ចប្រជុំកំពូលចុងក្រោយបំផុត លោក Trump បានប្រកាសថា កូរ៉េខាងជើង លែងជាតួអង្គគំរាមកំហែងនុយក្លេអ៊ែរទៀតទៅទៀតឡើយ។ តែការពិតទៅរដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅតែមានកាន់កាប់អាវុធនុយក្លេអ៊ែរជាច្រើន មិនខុសពីមុនពេលកិច្ចប្រជុំនោះទេ ហើយនៅតែមិនទាន់បានផ្តល់នូវផែនទីបង្ហាញផ្លូវ ឬកាលបរិច្ឆេទច្បាស់លាស់ណាមួយ សម្រាប់ការលុបបំបាត់អាវុធទាំងនោះឡើយ។ មិនតែប៉ុណ្ណោះនាពេលថ្មីៗនេះសាកលវិទ្យាល័យ Stanford បានចេញផ្សាយលទ្ធផលស្រាវស្រាវជ្រាវ ដែលបង្ហាញថា កូរ៉េខាងជើងនៅតែបន្តផលិតសារធាតុ Plutonium និង Uranium បន្ថែមទៀត។ រហូតមកទល់ពេលនេះប្រទេស កូរ៉េខាងជើងនៅតែមិនទាន់បង្ហាញច្បាស់ថា តើខ្លួនមានសព្វាវុធប្រល័យលោកប៉ុន្មាន ព្រមទាំងមិនបានបង្ហាញព័ត៌មានជាក់លាក់នៃអាវុធទាំងនោះតើត្រូវរក្សាទុកនៅទីណានោះទេ។
២៖ យល់ព្រមផ្តល់រង្វាន់លួងចិត្តដល់ប្រទេស កូរ៉េខាងជើង ដោយបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងជាដើម
តាមរយៈការផ្អាកការធ្វើសមយុទ្ធនេះ លោក Trump អាចជួយសន្សំប្រាក់ខ្លះ ព្រមទាំងអាចធ្វើឱ្យកូរ៉េខាងជើងសប្បាយចិត្តតាមរយៈបញ្ឈប់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដែលជាសមយុទ្ធការពារកូរ៉េខាងត្បូងពីការវាយប្រហារពីសំណាក់កូរ៉េខាងជើង។
ម្យ៉ាងទៀតនេះមិនមែនជារឿងថ្មីនោះទេ ក្នុងការផ្អាកការធ្វើសមយុទ្ធព្រោះកន្លងមកសមយុទ្ធប្រចាំឆ្នាំមួយចំនួន រវាងសហរដ្ឋអាមេរិកជាមួយកងទ័ពប្រទេសកូរ៉េខាងត្បូង ធ្លាប់ត្រូវបានកាត់បន្ថយ ឬផ្អាករួចទៅហើយក្នុងរយៈពេលកន្លងទៅនេះ។ កន្លងមកប្រទេសកូរ៉េខាងជើង រិះគន់និងព្រមានសងសឹក បើសិនកងទ័ពអាមេរិក ឬកូរ៉េខាងត្បូង ចូលទៅកៀកព្រំដែនខ្លួន។
ការផ្ដល់ការលើកទឹកចិត្តបែបនេះនឹងក្លាយជាកាយវិការសុច្ឆន្ទៈមួយ ម្យ៉ាងទៀតនឹងមិនធ្វើឱ្យអាមេរិកខុសពាក្យសន្យាការពារកូរ៉េខាងត្បូង ដោយហេតុថា អាមេរិកអាចរក្សាពាក្យសន្យារបស់ខ្លួនតាមរយៈបណ្ដាញមូលដ្ឋានទ័ពក្នុងប្រទេសកូរ៉េខាងត្បូង។
ជាមួយគ្នានេះ រដ្ឋាភិបាលឆ្វេងនិយមរបស់កូរ៉េខាងត្បូង នឹងពេញចិត្តនូវសំណូមពរក្នុងការបោះបង់សមយុទ្ធនេះ ខណៈដែលរដ្ឋបាលកូរ៉េខាងត្បូងបច្ចុប្បន្នចាត់ទុកថា ការធ្វើសមយុទ្ធយោធានេះជាបញ្ហាដ៏សំខាន់ដែលរារាំងដល់កិច្ចចរចាជាមួយកូរ៉េខាងជើង។ ហេតុនេះការសម្រេចចិត្តផ្អាកសមយុទ្ធយោធានេះ ធ្វើឱ្យកូរ៉េខាងជើងសប្បាយចិត្ត កូរ៉េត្បូងក៏មិនអន់ចិត្ត អាមេរិកក៏ចំណេញដែល អាចចាត់ទុកបានថា ជានយោបាយ ឈ្នះ, ឈ្នះ, ឈ្នះ។
៣៖ បែងចែកឱ្យច្បាស់ថា កិច្ចចរចានេះផ្តោតសំខាន់តែទៅលើ «ការលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង» ការមិនមែន «វិបត្តិនៅឧបទ្វីបកូរ៉េ» នោះទេ
នៅក្នុងកិច្ចព្រមព្រៀងនៅសឹង្ហបុរី បានចែងថាភាគីទាំងពីរនឹងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបទាំងមូល។ ហើយក្នុងកិច្ចជំនួបកំពូលនេះ មិនបានបញ្ជាក់ច្បាស់ថា វាសំដៅលើអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។
សូមសង្កត់ធ្ងន់បន្តិច សម្រាប់កូរ៉េខាងជើងយល់ថា ទោះបីអាមេរិកមិនបានដាក់ពង្រាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េពិតមែន ប៉ុន្តែអាមេរិកអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរការពារកូរ៉េខាងត្បូងក្នុងករណីចាំបាច់ណាមួយ។ ដូច្នេះតាមរយៈកិច្ចព្រមព្រៀងលើកមុន កូរ៉េខាងជើង បកស្រាយថា «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ» អាចកើតឡើងបានលុះត្រាគ្មានវត្តមានយោធានៅកូរ៉េខាងត្បូង ដែលផ្ទុយទាំងស្រុងពីការយល់ឃើញរបស់សហរដ្ឋអាមេរិក។
ច្បាស់ណាស់ថា វាមិនអាចទៅរួចនោះទេ ក្នុងការធ្វើឱ្យភាគីទាំងពីរយល់ស្របគ្នាពីអ្វីទៅជាអត្ថន័យពិតប្រាកដនៃពាក្យថា «លុបបំបាត់នុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ» ប៉ុន្តែយ៉ាងហោចណាស់ នៅក្នុងប្រជុំកំពូលហាណូយ Trump ត្រូវតែបញ្ជាក់យ៉ាងច្បាស់ថា ការដកកងទ័ពអាមេរិកទាំងអស់ពីកូរ៉េខាងត្បូង មិនត្រូវបានលើកមកក្នុងកិច្ចចរចាឡើយ ប្រសិនបើ កូរ៉េខាងជើងចង់ឱ្យមាន "វិធានការណ៍ច្បាស់លាស់ទាក់ទងនឹងរឿងនេះ" ជំហានដំបូងកូរ៉េខាងជើងត្រូវធ្វើតាមសំណូមពរមួយចំនួនដែលអាមេរិកស្នើជាមុនសិន។
៤៖ ស្នើបង្កើតគម្រោងការងារច្បាស់លាស់ និងកិច្ចពិភាក្សាជាបន្តទៅថ្ងៃខាងមុខ
ជាការពិតកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ ត្រូវបានលាតត្រដាងជាសាធារណៈដែលតែងតែទទួលបានការយកចិត្តទុកដាក់តាមដានខ្ពស់ពីមជ្ឈដ្ឋានទូទៅ ដោយឡែកបើនិយាយពីកិច្ចការដែលត្រូវអនុវត្តពិតប្រាកដបន្ទាប់ពីកិច្ចចរចា ត្រូវបានលាក់បាំងទៅវិញ។ មិនដឹងថា តើដើរដល់ចំណុចណាសម្រេចបានលទ្ធផលបែបណា តើនឹងមានកិច្ចជំនួបណាមួយ ដើម្បីពិនិត្យតាមដាន និងវាយតម្លៃដែរឬទេ។
លោក Stephen Biegun មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលចាត់ចែងរៀបចំកិច្ចចរចារជាមួយកូរ៉េខាងជើងថ្មីៗនេះបានធ្វើដំណើរទៅរដ្ឋធានីព្យុងយ៉ាងដើម្បីរៀបចំកិច្ចជំនួបនៅហាណូយបានលើកឡើងថា «កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត» ជាកត្តាដ៏ចាំបាច់មុនពេលកិច្ចប្រជុំកំពូលកើតឡើង។ ការលើកឡើងបែបនេះ គ្រាន់តែជាភាសានិយាយបែបគួរសមដើម្បីស្រួលស្តាប់ប៉ុណ្ណោះ តែការពិតទៅគឺលោកចង់មានន័យថា ភាគីទាំងហាក់នៅឆ្ងាយ ពិបាកក្នុងការឈានទៅរកកិច្ចព្រមព្រៀងរួមគ្នាណាស់ យើងហាក់ពិបាកក្នុងការរំពឹងថានឹងបានលទ្ធផលផ្លែផ្កាបន្តិច។ ដោយហេតុនេះ លោក Trump គួរស្នើឱ្យបង្កើតគម្រោងច្បាស់លាស់ដើម្បីបន្តកិច្ចប្រជុំរវាងមន្ត្រីអ្នកការទូតនៃភាគីទាំងពីរជាការបន្តកិច្ចពិភាក្សាជាបន្តអាចជំរុញសន្ទុះឆ្ពោះទៅរកការការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ និងឈានទៅដល់ការបើកស្ថានទូតនៅទឹកដីនៃភាគីទាំងសងខាង។
ខណៈដែលការលុបបំបាត់អាវុធនុយក្លេអ៊ែរអាចនឹងត្រូវការផ្លូវដើរវែងឆ្ងាយទៅមុខទៀត តែយ៉ាងហោចណាស់កូរ៉េខាងជើង ហាក់កាត់បន្ថយការគំរាមកំហែង និងការបង្ករឿងហេតុជាមួយសត្រូវរបស់ខ្លួន។
ពីមួយជំនាន់ទៅមួយចំនួន ប្រជាជនកូរ៉េខាងជើងជំនាន់ក្រោយ អាចមើលឃើញសហរដ្ឋអាមេរិកថាជាដៃគូប្រកបដោយសក្តានុពល ជាជាងចាត់ទុកអាមេរិកជាសត្រូវ ដែលការទទួលស្គាល់នេះ ត្រូវបានចាត់ទុកថាជារឿងល្អណាស់ទៅហើយ បើទោះបីកិច្ចជំនួបកំពូលទាំងពីរលើកមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីលុបបំបាត់ការទំនាស់គ្នាដែលធ្លាប់កើតមានរាប់ទសវត្សរ៍មកហើយក្តី៕