(ពិភពលោក)៖ នៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យន្តហោះចម្បាំង MiG-31BM ចំនួនពីរគ្រឿងរបស់ប្រទេសរុស្ស៊ី បានវិលត្រឡប់មកធ្វើប្រតិបត្តិការជាធម្មតាឡើងវិញ នៅក្នុងជួរអង្គភាពទ័ពជើងទឹករុស្ស៊ីប្រចាំនៅតំបន់ប៉ាស៊ីហ្វិក (Pacific Fleet) ក្រោយពីពួកវាបានឆ្លងកាត់ការធ្វើទំនើបកម្ម និងកែលម្អយ៉ាងស៊ីជម្រៅរួចរាល់៕
២៖ អ៊ីស្រាអែលនឹងបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ខ្លួន តាមរយៈការបាញ់បង្ហោះគ្រឿងយន្តអវកាសជាលើកដំបូងបំផុត ហោះទៅកាន់ឋានព្រះច័ន្ទនៅក្នុងសប្ដាហ៍នេះ៕
៣៖ រដ្ឋាភិបាលប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមដឹកជញ្ជូនជំនួយផ្នែកមនុស្សធម៌ ឲ្យទៅដល់តំបន់ព្រំប្រទល់ជាមួយប្រទេសវេណេស៊ុយអេឡានៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕
៤៖ សំនួរដែលសួរថា តើចក្រវាឡមួយនេះមានព្រំដែនដែរ ឬមួយក៏អត់នោះ ពេលនេះកាន់តែស្រពិចស្រពិលហើយព្រោះកាឡាក់ស៊ីរាប់សែនដែលអ្នកវិទ្យាសាស្រ្តពុំធ្លាប់ឃើញពីមុន បានបង្ហាញខ្លួនក្នុងផែនទីនៃផ្ទៃមេឃពេលរាត្រីថ្មីមួយ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងបំផុត៕
៥៖ ស្តេចអារ៉ាប៊ីសាអូឌីតព្រះចៅ សាលម៉ាន់ (Salman) នាថ្ងៃអង្គារសប្តាហ៍នេះ បានពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវស្ថិរភាពទីផ្សារប្រេងពិភពលោក៕
៦៖ យន្តហោះចម្បាំងជប៉ុនមួយគ្រឿងប្រភេទ F-2 បានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុននៅពេលកំពុងបំពេញលំហាក់ហ្វឹកហ្វឺនមួយ នាព្រឹកថ្ងៃពុធនេះតែម្តង ប៉ុន្តែជាសំណាងល្អពីឡុតទាំងពីររូបដែលបញ្ជានៅលើនោះ ត្រូវបានជួយសង្គ្រោះទាន់ពេល៕