(ហាណូយ)៖ វៀតណាមកំពុងតែត្រៀមរៀបចំសម្រាប់ ការមកដល់របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលលោកអាចនឹងប្រើប្រាស់រថភ្លើងជាយានជំនិះ សម្រាប់ការធ្វើដំណើរមកកាន់ទីក្រុងហាណូយ ដើម្បីបើកកិច្ចប្រជុំកំពូលលើកទី០២នាសប្តាហ៍ក្រោយនេះ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
ដំណឹងខាងលើត្រូវបានបង្ហើបឲ្យដឹងពីសំណាក់បុគ្គលពីររូប ដែលមានចំណេះដឹងផ្ទាល់ជុំវិញការរៀបចំផែនការផ្នែកសន្តិសុខនិងមធ្យោបាយធ្វើដំណើរសម្រាប់ជំនួបកំពូលនេះ។ បើតាមការប៉ាន់ស្មាន លោក គីម ជុងអ៊ុន អាចចំណាយពេលយ៉ាងហោចណាស់ក៏០២ថ្ងៃកន្លះដែរ ដើម្បីធ្វើដំណើររាប់ពាន់គីឡូម៉ែត្រឆ្លងកាត់ប្រទេសចិនដោយរថភ្លើង ពីទីក្រុងព្យុងយ៉ាងឆ្ពោះមកកាន់ប្រទេសវៀតណាម។ ហេតុដូចនេះ មានន័យថា លោក គីម នឹងត្រូវរៀបចំចេញដំណើរនាអំឡុងចុងសប្តាហ៍នេះ ដើម្បីឲ្យមកដល់ហាណូយ នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ តាមការគ្រោងទុក។
ប្រភពដដែលបានបន្តថា រថភ្លើងរបស់ លោក គីម នឹងឈប់នៅឯស្ថានីយរថភ្លើងវៀតណាម Dong Dang ដែលនៅជាប់ព្រំដែន ហើយលោកនឹងចាកចេញពីរថភ្លើង រួចបន្តដំណើរតាមរថយន្តសម្រាប់ចម្ងាយផ្លូវប្រមាណ១៧០គីឡូម៉ែត្រមកកាន់រដ្ឋធានីហាណូយ ដែលស្ថិតនៅភាគខាងជើងប្រទេសវៀតណាម។
ដោយឡែក យោងតាមប្រភពព័ត៌មានពីបុគ្គលបីផ្សេងទៀត ទីតាំងអំណោយផលដែលទំនងជាកន្លែងបើកកិច្ចប្រជុំថ្ងៃទី២៧និងទី២៨ ខែកុម្ភៈ រវាងលោក ត្រាំ និង លោក គីម គឺវិមានទទួលភ្ញៀវរបស់រដ្ឋាភិបាលវៀតណាម ដែលជាអគារសម័យអាណានិគម ស្ថិតនៅចំកណ្តាលទីក្រុងហាណូយតែម្តង រីឯសណ្ឋាគារប្រណិត Metropole ដែលនៅទល់មុខគ្នានោះ នឹងជាទីតាំងបម្រុងសម្រាប់កិច្ចប្រជុំ ខណៈសណ្ឋាគារមួយទៀតឈ្មោះថា Melia ដែលស្ថិតនៅកណ្តាលក្រុងហាណូយដូចគ្នា អាចនឹងជាកន្លែងលោក គីម ស្នាក់នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។
គួរជម្រាបថា យ៉ាងណាមិញ បើតាមក្រុមបុគ្គលដែលសុំមិនបញ្ចេញអត្តសញ្ញាណខាងលើ ផែនការទាំងនេះអាចនឹងមានប្រែប្រួលជាបន្តបន្ទាប់ទៀតក៏ថាបានដែរ។ គួររំលឹកផងដែរថា កាលពីជំនួបលើកទីមួយនៅឯសិង្ហបុរី លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសដីកោះនេះ តាមរយៈយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ចិន Air China៕