(ហាណូយ)៖ វៀតណាមកំពុងគ្រោងនឹងធ្វើការនាំចេញអង្ករឲ្យបានពី ០៦ ទៅ ០៧លានតោនក្នុងឆ្នាំ២០១៩នេះ ធៀបទៅនឹងអង្ករប្រមាណ ៦.១លានតោនគិតជាទឹកប្រាក់ជិត ៣.១ពាន់លានដុល្លារអាមេរិក ដែលបាននាំចេញទៅក្រៅប្រទេសកាលពីឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ប្រទេសអាស៊ាននេះនឹងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងការធ្វើស្រែក្រោមគោលដៅប្រមូលទិន្នផលអង្ករឲ្យបាន៤៣.៥លានតោន ពីផ្ទៃដីនៃតំបន់ធ្វើស្រែនៅទូទាំងប្រទេសទំហំ ៧.៥លានហិកតា ក្នុងឆ្នាំ២០១៩នេះ។ កាលពីខែមករាកន្លងទៅ វៀតណាមបាននាំចេញអង្ករ៤០០,០០០តោនគិតជាតម្លៃ ១៨០លានដុល្លារទៅកាន់ទីផ្សារនានានៅឯក្រៅប្រទេស។
គួរជម្រាបថា នាថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ហ្សួនហ្វុក (Nguyen Xuan Phuc) បានស្នើក្រសួងកសិកម្មក៏ដូចជាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្យាយាមស្វែងរកទីផ្សារនាំចេញរយៈពេលវែង និងកាន់តែធំសម្រាប់អង្ករវៀតណាម។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្មវៀតណាម បរិមាណនៃការនាំចូលអង្ករពីប្រទេសវៀតណាម បានកើនឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី អ៊ីរ៉ាក់ ទីក្រុងហុងកុងនៃប្រទេសចិន និងហ្វីលីពីនកាលពីឆ្នាំ២០១៨៕