(ហ្សេរុយសាឡឹម)៖ អ៊ីស្រាអែលនឹងបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ខ្លួន តាមរយៈការបាញ់បង្ហោះគ្រឿងយន្តអវកាសជាលើកដំបូងបំផុត ហោះទៅកាន់ឋានព្រះច័ន្ទនៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ពីអង្គការអវកាសអ៊ីស្រាអែល IAI និងអង្គការមូលនិធិអវកាស SpaceIL នៅល្ងាចថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
ទីភ្នាក់ងារអវកាសអ៊ីស្រាអែល នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាក់ទៀតថា យានអវកាសឈ្មោះ ប៊ែរែស៊ីត (Beresheet) គ្រោងនឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី២២ ខែកុម្ភៈនេះជាមួយការរំពឹងថា យាននេះនឹងទៅចុះចតនៅលើឋានព្រះច័ន្ទនៅថ្ងៃទី១១ ខែមេសា។ ទីភ្នាក់ងារមួយនេះបន្ថែមថា Beresheet នឹងត្រូវបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ចេញពីរដ្ឋ Florida។
យានអវកាស Beresheet មានទម្ងន់ត្រឹមតែ ៦០០គីឡូក្រាមប៉ុណ្ណោះ និងត្រូវគេចាត់ទុកថា ជាយានតូចបំផុតមួយ។ វាមានកម្ពស់ ១.៥ម៉ែត្រ និងមុខកាត់២ម៉ែត្រ ព្រមទាំងអាចផ្ទុកឥន្ធនៈបានទម្ងន់ ៧៥ភាគរយនៃទម្ងន់សរុបរបស់វា។ យានមួយនេះនឹងត្រូវធ្វើដំណើរចម្ងាយ ៦.៥លានគីឡូម៉ែត្រ ជារង្វង់ព័ទ្ធជុំវិញផែនដីរហូតទៅដល់ឋានព្រះច័ន្ទតែម្តងនៅក្នុងល្បឿន ៣៦ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ១០គីឡូម៉ែត្រក្នុងមួយវិនាទី។
គួរបញ្ជាក់ថា ប្រសិនបើបេសកកម្មខាងលើនេះជោគជ័យ ១០០% នោះអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី ៤ ដែលអាចបញ្ជូនយានទៅចុះចតលើព្រះច័ន្ទ បន្ទាប់ពីអតីតសហភាពសូវៀត សហរដ្ឋអាមេរិក និងប្រទេសចិន។ ក្រុមការងាររបស់អង្គការអវកាស IAI បានបង្ហាញមោទនភាព និងក្តីសង្ឃឹមខ្ពស់បំផុត ចំពោះអ្វីដែលខ្លួននឹងសម្រេចបាននាពេលខាងមុខ ដែលជាការលើកមុខមាត់អ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើលលើឆាកអន្តរជាតិ៕