(ម៉ូស្គូ)៖ យន្តហោះចម្បាំង MiG-31BM ចំនួនពីរគ្រឿងរបស់ប្រទេសរុស្ស៊ី បានវិលត្រឡប់មកធ្វើប្រតិបត្តិការជាធម្មតាឡើងវិញ នៅក្នុងជួរអង្គភាពទ័ពជើងទឹករុស្ស៊ីប្រចាំនៅតំបន់ប៉ាស៊ីហ្វិក (Pacific Fleet) ក្រោយពីពួកវាបានឆ្លងកាត់ការធ្វើទំនើបកម្ម និងកែលម្អយ៉ាងស៊ីជម្រៅរួចរាល់។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យអង្គភាព Pacific Fleet របស់រុស្ស៊ី លោក នីកូឡៃ វូសក្រេសិនស្កាយ (Nikolai Voskresensky) ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Voskresensky បានបញ្ជាក់ថា នាថ្ងៃពុធនេះយន្តហោះចម្បាំង MiG-31BM ចំនួន០២គ្រឿង បានវិលត្រឡប់ចូលមកបម្រើការជាធម្មតាវិញនៅក្នុងអង្គភាព ល្បាតដែនសមុទ្រប៉ាស៊ីហ្វិក (Pacific Fleet) នៅឯក្រុង យេលីហ្សូវ៉ូ (Yelizovo) នៃតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី បន្ទាប់ពីពួកវាបានឆ្លងកាត់ការជួលជុល កែលម្អ និងទំនើបកម្មយ៉ាងដិតដល់។ បើតាមលោក Voskresensky នៅត្រឹមដំណាច់ឆ្នាំនេះ យន្តហោះចម្បាំង MiG-31BM មួយចំនួនទៀត ក៏នឹងវិលចូលមកបម្រើការវិញនៅកង Pacific Fleet ផងដែរ ដើម្បីការពារដែនអាកាស និងទឹករុស្ស៊ីនៅមហាសមុទ្រប៉ាស៊ីហ្វិក។
គួរជម្រាបថា យន្តហោះចម្បាំង MiG-31BM ត្រូវបានបង្កើនសមត្ថភាពពីយន្តហោះចម្បាំង MiG-31។ យន្តហោះចម្បាំងប្រភេទ Supersonic Interceptor នេះត្រូវបានរចនាឡើងដើម្បីហោះស្ទាក់គោលដៅលើផ្ទៃអាកាស នៅតាមតំបន់ឆ្ងាយៗដែលជាការលំបាកសម្រាប់ហោះចម្បាំងធម្មតាៗ។ សម្រាប់សព្វាវុធដែលបំពាក់នៅលើ MiG-31BM រួមមានមីស៊ីលរយៈចម្ងាយឆ្ងាយ R-33 និងរយៈចម្ងាយខ្លី R-73 ហើយល្បឿនអតិបរមានៅរយៈកម្ពស់ខ្ពស់របស់វា គឺ៣,០០០គីឡូម៉ែត្រក្នុងមួយម៉ោង៕