(វ៉ាស៊ីនតោន)៖ ក្រោយជំនួបប្រជុំអស់រយៈពេលជាច្រើនខែ ជាមួយបណ្ដាបេក្ខជនប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅតែមិនទាន់បង្ហាញជំហរគាំទ្រដោយផ្ទាល់ ទៅកាន់បេក្ខជនណាមួយឡើយ រហូតដល់បេក្ខជនរូបនោះត្រូវបានបក្សតែងតាំង ជាបេក្ខភាពតំណាងបក្សជាផ្លូវការ ដើម្បីប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីជាមួយលោក ដូណាល់ ត្រាំ។ នេះបើតាម New York Times ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
សារព័ត៌មានអាមេរិក New York Times ផ្អែកលើប្រភពដែលខ្លួនទទួលបាន ក៏បានឱ្យដឹងដែរថា បើទោះជាលោក អូបាម៉ា មិនបានបង្ហាញការគំាទ្រដល់បេក្ខជនណាមួយក៏ដោយ ប៉ុន្តែលោកនឹងនៅតែផ្ដល់ការប្រឹក្សា និងយោបល់ថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាចផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ខាងមុខ។ សារព័ត៌មានអាមេរិកមួយនេះបន្ថែមថា លោក អូបាម៉ា បានជម្រុញឱ្យបេក្ខជនបក្សប្រជាធិបតេយ្យទាំងអស់ ធ្វើការប្រឆាំងនឹងការលើកឡើងរបស់លោក ត្រាំ ជុំវិញបញ្ហាសេដ្ឋកិច្ច និងបញ្ហាជាច្រើនដែលបានកើតឡើង នៅអំឡុងអាណត្តិជាប្រធានាធិបតីអាមេរិក ដោយភ្ជាប់ជាមួយហេតុផល និងដំណោះស្រាយ។
បន្ថែមពីលើនេះ អតីតប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានជម្រុញទៀតផងឱ្យបេក្ខជនទាំងអស់ កុំផ្តោតតែទៅលើលក្ខណៈបុគ្គល ឬបញ្ហាបុគ្គលនៅក្នុងប្រកួតប្រជែងយកតំណែង បេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ ព្រោះវាអាចនឹងបង្កឱ្យមានសង្រ្គាមសម្ដីទៅវិញទៅមក ក្នុងចំណោមបក្សខ្លួនឯង ដែលនេះអាចនឹងជួយឱ្យលោក ដូណាល់ ត្រាំ ចាប់ងាយស្រួលកំហុស និងវាយបកវិញ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលលោក បារ៉ាក់ អូបាម៉ា ព្យាយាលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក ឬក៏ផ្ដល់យោបល់ឱ្យបេក្ខជនមានសក្ដានុពលនោះទេ។ ជាក់ស្ដែង កាលពីនៅអំឡុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ លោក អូបាម៉ា ក៏ធ្លាប់បានផ្ដល់យោបល់ឱ្យគណបក្សប្រជាធិបតេយ្យ ផ្ដោតទៅលើបញ្ហាប្រចាំថ្ងៃ ជាជាងគិតគូរទៅលើការស៊ើបអង្កេតលើរុស្ស៊ីផងដែរ ដែលជាហេតុធ្វើឲ្យបក្សនេះទទួលបានការគាំទ្រ និងកាន់កាប់សំឡេងភាគច្រើនក្នុងសភាឡើងវិញ៕