(ប្រេស៊ីល)៖ រដ្ឋាភិបាលប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមដឹកជញ្ជូនជំនួយផ្នែកមនុស្សធម៌ ឲ្យទៅដល់តមបន់ព្រំប្រទល់ជាមួយប្រទេសវេណេស៊ុយអេឡានៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមអ្នកនាំពាក្យប្រធានាធិបតីប្រេស៊ីល គឺលោក អូតាវីយ៉ូ រ៉េហ្គោ បារ៉ូស (Otavio Rego Barros) ប្រទេសប្រេស៊ីលនឹងបញ្ជូនជំនួយមនុស្សធម៌ ទៅដល់ព្រំប្រទល់ជាប់វេណេស៊ុយអេឡា នៅថ្ងៃទី២៣ ខែកុម្ភៈ តាមសំណើរបស់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូនអាន ហ្គៃដូ (Juan Guaido) ហើយសម្រាប់ការចែកចាយជំនួយទាំងនេះ នឹងជាបន្ទុករបស់លោក Guaido ផ្ទាល់។
បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេស៊ីល ជំនួយមនុស្សធម៌ខាងលើ ដែលរួមមានស្បៀងអាហាររួមទាំងថ្នាំពេទ្យនឹងទៅដល់ទីក្រុង បូអា វីស្តា (Boa Vista) និង ផាការ៉ៃម៉ា (Pacaraima) ក្នុងរដ្ឋ រ៉ូរ៉ៃម៉ា (Roraima) ដើម្បីទុកឲ្យលោក Guaido ដែលប្រេស៊ីលបានប្រកាសទទួលស្គាល់ជា ប្រធានាធិបតីស្តីរបស់វេណេស៊ុយអេឡា ចាត់ចែងរៀបចំយកចូលទៅកាន់ប្រទេសវេណេស៊ុយអេឡា។
គួរជម្រាបថា កន្លងមកនេះ រដ្ឋាភិបាលប្រធានាធិបតីស្របច្បាប់វេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកែកមិនទទួលយកជំនួយមនុស្សធម៌ពីបរទេសឡើយ ព្រោះថាវាអាចក្លាយជាលេសដើម្បីឲ្យប្រទេសក្រៅ លូកដៃចូលធ្វើអន្តរាគមន៍លើកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់លោក ប៉ុន្តែវេណេស៊ុយអេឡាក៏បានទទួលជំនួយពីរុស្ស៊ីប្រមាណ ៣០០តោននាសប្តាហ៍នេះផងដែរ។
បច្ចុប្បន្នជំនួយមនុស្សធម៌ជាបន្តបន្ទាប់របស់អាមេរិក កំពុងស្តុកទុកនៅក្នុងប្រទេសកូឡុំប៊ីជាប់ព្រំដែនវេណេស៊ុយអេឡា ខណៈលោក ម៉ាឌូរ៉ូ បានបិទច្រកព្រំដែនមិនឲ្យយកចូលក្នុងប្រទេសវេណេស៊ុយអេឡា ដោយលោកសម្អាងថា វាគឺលេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ ដោយឡែករដ្ឋាភិបាលវេណេស៊ុយអេឡា មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ ចំពោះជំនួយរបស់ប្រទេសប្រេស៊ីលខាងលើនេះ៕